សហភាពអឺរ៉ុបបាន​ផ្តល់​សំបក​គ្រាប់កាំភ្លើងធំ​ជាង៩៨ម៉ឺនគ្រាប់រួចហើយ​ទៅ​ឲ្យ​អ៊ុយក្រែន ​ក្នុង​ចំណោម​ការ​សន្យា​១លានគ្រាប់

ប្រធានការទូតរបស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រកាសនៅថ្ងៃទី 11 ខែវិច្ឆិកា ម្សិលម៉ិញនេះថា ពេញមួយឆ្នាំ 2024 សហភាពអឺរ៉ុបបានបញ្ជូនគ្រាប់កាំភ្លើងធំចំនួន 980,000គ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងចំណោមការសន្យាដំបូងចំនួនមួយលានគ្រាប់។ លោក Borrell បានពន្យល់ពីភាពខ្វះខាត ដោយលើកឡើងពីដែនកំណត់សមត្ថភាពផលិតកម្មដែលមិនបានរំពឹងទុក។ ទោះបីជាមានការពន្យារពេលក៏ដោយ លោករំពឹងថា គ្រាប់រំសេវសរុបដែលផ្តល់ដោយសហភាពអឺរ៉ុបដល់អ៊ុយក្រែននឹងលើសពី ១,៥ លានគ្រាប់នៅចុងឆ្នាំនេះ ដោយសារកិច្ចព្រមព្រៀងទ្វេភាគីរបស់សហភាពអឺរ៉ុប និងគំនិតផ្តួចផ្តើមដឹកនាំដោយឆេក។

គំនិតផ្តួចផ្តើមរបស់ឆេកដែលបានចាប់ផ្តើមដោយមានការគាំទ្រពីបណ្តាប្រទេសរួមទាំងកាណាដា អាល្លឺម៉ង់ និងហូឡង់ មានគោលបំណងផ្គត់ផ្គង់សំបកគ្រាប់ចំនួន 800,000 គ្រាប់ ដោយប្រទេសឆេកបានចែកចាយចំនួន 50,000 គ្រាប់រួចហើយ គិតត្រឹមពាក់កណ្តាលឆ្នាំ 2024នេះ ។

បន្ថែមពីលើនេះ អ៊ុយក្រែន និងឆេកបានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមផលិតគ្រាប់ ១៥៥ មីលីម៉ែត្រ និងគ្រាប់កាំភ្លើងធំផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែននៅឆ្នាំ ២០២៥។ សកម្មជនស្លូវ៉ាគីក៏បានប្រមូលប្រាក់ជាង 4 លានអឺរ៉ូ (4.3 លានដុល្លារ) សម្រាប់គំនិតផ្តួចផ្តើមបន្ទាប់ពីរដ្ឋាភិបាលស្លូវ៉ាគីបដិសេធមិនចូលរួម។ ឆេកបានបង្ហាញគំនិតផ្តួចផ្តើមរបស់ខ្លួនក្នុងការទិញកាំភ្លើងធំសម្រាប់អ៊ុយក្រែនរួមគ្នាជាមួយដៃគូកាលពីដើមឆ្នាំនេះ ចំពេលកង្វះគ្រាប់ផ្លោងដែលបណ្តាលមកពីការពន្យារពេលជំនួយរបស់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការពារជាតិឆេក លោក Jana Cernochova បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Denik N កាលពីថ្ងៃទី 24 ខែកក្កដាកន្លងទៅថា ទីក្រុង Prague ក៏កំពុងរៀបចំបង្កើតគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីទិញគ្រាប់កាំភ្លើងធំសម្រាប់អ៊ុយក្រែននៅឆ្នាំ 2025ខាងមុខនេះផងដែរ។នេះបើយោងតាម The Kyiv Independent ៕

       

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២