ជីវិតសត្វលោកពិតជាមិនទៀងមែន បុរសម្នាក់កំពុងបើកឡានទៅដឹកបន្លែឲ្យប្រពន្ធលក់សុខៗស្រាប់តែគាំងបេះដូងស្លាប់ភ្លាមៗនៅតាមផ្លូវ

ភ្នំពេញ៖ បុរសជាប្តី មានជំងឺមហារីកបេះដូង បានបើករថយន្តមួយគ្រឿង ឆ្ពោះទៅកាន់ផ្សារដើមគ ដើម្បីដឹកអំពិលទុំ និង បន្លែ យកឲ្យប្រពន្ធលក់ នៅផ្សារអូឌឹម ខណៈបើករថយន្តមកដល់ចំណុចស្តុបទឹកល្អក់ ផ្លូវកម្ពុជាក្រោម បុរសជាប្តីនោះបានគាំងបេះដូងស្លាប់ភ្លាមៗ ចំណែករថយន្តបានឈប់នៅកណ្តាលផ្លូវតែម្តង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទីទាប់ភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចស្តុបទឹកល្អក់ តាមបណ្តោយមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្តីមានវ័យប្រមាណជាង៤០ឆ្នាំ មានជំងឺមហារីកបេះដូង មុខរបរដឹកអ៊ីវ៉ាន់ បន្លែផ្លែឈើ ឲ្យប្រពន្ធលក់ដូរនៅផ្សារអូឌឹម។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បើករថយន្តមួយគ្រឿងម៉ាក សាំងយ៉ុង ពណ៍ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2Q-6180 បើកបរតាមបណ្តោយមហាវិថី កម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់ជនរងគ្រោះបានឈប់នៅកណ្តាលផ្លូវ ពេលនោះប្រជាពលរដ្ឋបាននាំគ្នាទៅមើល រួចក៏បានឃើញជនរងគ្រោះកំពុងគាំងបេះដូងមុខស្លេកស្លឹងបាត់មាត់រហូតដាច់ខ្យល់ស្លាប់មួយរំពេចតែម្តង ដោយគ្មាននរណាម្នាក់ជួយគាត់បាននោះទេ។

 

ស្ត្រីជាប្រពន្ធបានបញ្ជាក់ថា ប្តីរបស់គាត់មានជំងឺមហារីកបេះដូង សព្វថ្ងៃប្រកបរបរលក់បន្លែផ្លែឈើនៅផ្សារអូឌឹក រៀងរាល់វេលាម៉ោង ២ ឬ ៣យប់ទាប់ភ្លឺ ប្តីរបស់គាត់តែងតែបើករថយន្ត ទៅផ្សារដើមគរ ដើម្បីលើកបន្លែ និង អំពិលទុំ ដើម្បីយកទៅឲ្យគាត់ជាប្រពន្ធលក់ដូរនៅផ្សារអូឌឹមជារៀងរាល់យប់ ខណៈយប់កើតហេតុនេះ ប្តីរបស់គាត់បានចេញពីផ្ទះដោយបើករថយន្តមកដឹកបន្លែដូចសព្វដង មិនយូប៉ុន្មានផងមានគេទំនាក់ទំនងតាមរយៈប្រព័ន្ធទូរស័ព្ទ មកថា ប្តីរបស់គាត់បានគាំងបេះដូងស្លាប់នៅតាមផ្លូវហើយ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើលិខិតដើម្បីប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២