ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសរុស្ស៊ីបាន និងកំពុងប្រមូលផ្តុំកងកម្លាំងប្រមាណជាង៥០,០០០នាក់ដើម្បីត្រៀមធ្វើការវាយលុកដណ្តើមយកតំបន់ Kursk Oblastរបស់ខ្លួន ដែលអ៊ុយក្រែនចូលទៅកាន់កាប់នោះមកវិញ។ស្ថានការណ៍បានផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី 11 ខែវិច្ឆិកានេះថា ទាហានអ៊ុយក្រែនកំពុងរារាំងទាហានជិត 50,000 នាក់នៅក្នុងតំបន់ Kursk Oblast របស់រុស្ស៊ី។ ក្នុងនោះ ក៏មានទាហានមកពីកូរ៉េខាងជើងជាង10,000នាក់ផងដែរចូលរួមជាមួយកងកម្លាំងរុស្ស៊ី ដែលទំនងជានឹងព្យាយាមបើកការវាយលុកដ៏ធំមួយពីភាគខាងជើងប្រទេស និងការរុញច្រានកងទ័ពអ៊ុយក្រែន។