អ៊ុយក្រែនបានបាត់បង់ទឹកដីជាង 40 ភាគរយនៃទឹកដីដែលខ្លួនវាយកាន់កាប់បានពីមុននៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយសារតែការវាយលុករបស់រុស្សី។ នេះបើតាមសារព័ត៌មាន Reuters រាយការណ៍កាលពីថ្ងៃទី 23 ខែវិច្ឆិកា ដោយដកស្រង់ប្រភពពីអគ្គសេនាធិការអ៊ុយក្រែន។ ប្រភពដដែលបានប្រាប់ Reuters ថា ភាគច្រើនបំផុត យើងបានគ្រប់គ្រងប្រហែល 1,376 គីឡូម៉ែត្រការ៉េ ឥឡូវនេះ ទំហំនេះបានរួមតូចមកវិ្ ដោយសារសត្រូវកំពុងបង្កើនការវាយលុកខ្លាំង។ ឥឡូវនេះ យើងគ្រប់គ្រងលើផ្ទៃដីប្រមាណជា ៨០០ គីឡូម៉ែត្រការ៉េ។ យើងនឹងកាន់កាប់ទឹកដីនេះឱ្យបាន។
អ៊ុយក្រែនបានវាយយកបានទីតាំងដំបូងនៅតំបន់ Kursk នៅអំឡុងពេលការលុកលុយដ៏ភ្ញាក់ផ្អើលមួយចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ីនៅដើមខែសីហា។ ចាប់តាំងពីពេលនោះមក រុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាក្នុងកិច្ចខិតខំប្រឹងប្រែងដណ្តើមយកតំបន់នេះមកវិញ។
សារព័ត៌មាន The Telegraph បានរាយការណ៍ថា សម្ព័ន្ធមិត្តរបស់អង្គការណាតូជឿថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានគោលបំណងដណ្តើមយកមកវិញនូវទឹកដីដែលបាត់បង់នៅក្នុងតំបន់ Kursk មុនពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ចូលកាន់តំណែងនៅថ្ងៃទី 20 ខែមករា ដោយសង្ឃឹមថា នឹងទទួលបានឥទ្ធិពលនៅក្នុងការចរចាសន្តិភាពនាពេលអនាគត។ ប្រភពបានបន្ថែមថា ទាហានរុស្ស៊ីជិត 60,000 នាក់ បច្ចុប្បន្នកំពុងឈរជើងក្នុងតំបន់ Kursk ដោយគ្រោងនឹងទៅដល់ព្រំដែនជាមួយតំបន់ Sumy Oblast ដើម្បីបង្កើត “តំបន់ការពារ” នៅទីនោះ។
ទីក្រុងKyiv ធ្លាប់បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល 11,000 នាក់បានចូលរួមក្នុងការវាយលុកនៅតំបន់ Kursk ដោយប្រភពអគ្គសេនាធិការអ៊ុយក្រែនបានធ្វើការកត់សម្គាល់ថា ទាហានកូរ៉េខាងជើងភាគច្រើនបានបញ្ចប់ការហ្វឹកហាត់ជាមួយកងកម្លាំងរុស្ស៊ីរួចហើយ។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Barrot បាននិយាយថា លោកខាងលិចមិនគួរកំណត់បន្ទាត់ក្រហមលើការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនោះទេ។ ការអត្ថាធិប្បាយនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden បានយល់ព្រមឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ី។