កងទ័ពអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធម្សិលម៉ិញនេះថា ខ្លួនបានសម្លាប់ប្រតិបត្តិករ Hezbollah និងឃុំឃាំងអ្នកផ្សេងទៀតនៅភាគខាងត្បូងលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយលីបង់ក៏ដោយ។ កិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅព្រឹកថ្ងៃពុធ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាង 14 ខែរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡា។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយនៅអំឡុងសន្និសីទសារព័ត៌មានមួយនៅឯទីស្នាក់ការក្រសួងការពារជាតិនៅទីក្រុង Tel Aviv ថា “ទាហានបានកំណត់អត្តសញ្ញាណជនសង្ស័យដែលចូលទៅជិតតំបន់ ហើយបានឃាត់ខ្លួនពួកគេ និងបាញ់ព្រមាន។


លោកបានកត់សម្គាល់ថា យន្តហោះចម្បាំងអ៊ីស្រាអែលកំពុងបន្តល្បាតដែនអាកាសលីបង់ ដោយព្រមានថា ការបំពានណាមួយនៃកិច្ចព្រមព្រៀងនឹងត្រូវជួបដោយការវាយប្រហារជាថ្មី។ លោក Hagari បាននិយាយថា “នៅព្រឹកនេះ បទឈប់បាញ់ជាមួយលីបង់បានចូលជាធរមាន ដោយលោកបានសង្កត់ធ្ងន់ថា តួនាទីរបស់យោធាអ៊ីស្រាអែល គឺដើម្បីអនុវត្តកិច្ចព្រមព្រៀង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថា នៅព្រឹកថ្ងៃដដែល អ្នកកាសែតពីរនាក់បានរងរបួសដោយសារការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅក្នុងទីក្រុង Khiam ភាគខាងត្បូងប្រទេសលីបង់ ខណៈដែលកំពុងរាយការណ៍អំពីការវិលត្រឡប់របស់ជនស៊ីវិលដែលបានផ្លាស់ទីលំនៅទៅកាន់តំបន់នោះ។


លោក Hagari បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ប្រតិបត្តិករ Hezbollah និងចាប់ខ្លួនអ្នកផ្សេងទៀតនៅភាគខាងត្បូងប្រទេសលីបង់ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ លោកបានបន្ថែមថា យន្តហោះចម្បាំង ក្រោមការដឹកនាំរបស់នាយកដ្ឋានស៊ើបការណ៍សម្ងាត់ បានវាយប្រហារទីតាំងផលិតកាំជ្រួចដ៏ធំបំផុតមួយរបស់ Hezbollah នៅក្នុងតំបន់ Janta របស់ Bekaa។ អ្នកនាំពាក្យយោធាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារបរិវេណមួយសម្រាប់អង្គភាព Radwan ដែលជាកងកម្លាំងយោធាវរជនរបស់ពួកហេសបូឡា នៅក្នុងតំបន់ដូចគ្នា។ មកទល់ពេលនេះ ក្រុមហេសបូឡាមិនបានឆ្លើយតបនឹងការអះអាងរបស់យោធាអ៊ីស្រាអែលទេ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់ខ្លួនបន្ទាប់ពីបទឈប់បាញ់ ក្រុមនេះបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពីភាគខាងត្បូងប្រទេសលីបង់ ដោយពួកយុទ្ធជនរបស់ពួកគេនៅតែមានការប្រុងប្រយ័ត្នខ្ពស់។

យោងតាមលក្ខខណ្ឌនៃបទឈប់បាញ់ អ៊ីស្រាអែលនឹងដកកងកម្លាំងរបស់ខ្លួននៅភាគខាងត្បូងនៃខ្សែបន្ទាត់ខៀវក្នុងលក្ខណៈជាដំណាក់កាល ខណៈដែលកងទ័ពលីបង់ដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅភាគខាងត្បូងលីបង់ក្នុងរយៈពេលមិនលើសពី 60 ថ្ងៃ។ ការអនុវត្តកិច្ចព្រមព្រៀងនេះនឹងត្រូវត្រួតពិនិត្យដោយសហរដ្ឋអាមេរិក និងបារាំង។ ទោះជាយ៉ាងណា សេចក្ដីលម្អិតអំពីយន្តការអនុវត្តច្បាប់នៅតែមិនច្បាស់លាស់។ មនុស្សជាង 3,800 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ហើយជាង 1 លាននាក់បានផ្លាស់ទីលំនៅចាប់តាំងពីខែតុលាឆ្នាំមុនមកនោះ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលលីបង់៕

ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា