គ្រាន់តែក្នុងខែវិច្ឆិកាមួយរុស្សី​បាន​បាញ់​មី​ស៊ី​ល​ជិត​៣៥០​គ្រាប់ និងយន្តហោះ​គ្មាន​មនុស្ស​បើក​ជាង​២.៥០០​គ្រឿង​វាយប្រហារទៅលើប្រទេសអ៊ុយ​ក្រែ​ន​

ប្រធានាធិបតីរុស្ស៊ីលោក Volodymyr Zelensky បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី 1 ខែធ្នូម្សិលម៉ិញនេះថា ប្រទេសរុស្ស៊ីបានបាញ់បង្ហោះកាំជ្រួចមីស៊ីលសរុបចំនួន 347 ក៏ដូចជាយន្តហោះគ្មានមនុស្សបើកវាយប្រហារប្រភេទ Shahed ជាង 2,500 គ្រឿង ទៅលើប្រទេសអ៊ុយក្រែន នៅក្នុងខែវិច្ឆិកា។ នៅអំឡុងពេលសន្និសីទសារព័ត៌មានរួមជាមួយលោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុបថ្មី លោក Zelensky បានអំពាវនាវឱ្យសម្ព័ន្ធមិត្តលោកខាងលិចផ្តល់ការការពារដែនអាកាសបន្ថែម។

លោក Zelensky បាននិយាយថា “យើងបានពិភាក្សានៅថ្ងៃនេះអំពីតម្រូវការសម្រាប់ការការពារដែនអាកាសគ្រប់គ្រាន់ដើម្បីការពារប្រឆាំងនឹងភេរវកម្មរបស់រុស្ស៊ី ការពារហេដ្ឋារចនាសម្ព័ន្ធថាមពល និងជនស៊ីវិលរបស់យើង។ខ្ញុំបានបញ្ជូនសំណើរជាក់ស្តែងទៅកាន់ដៃគូរបស់យើងដើម្បីពង្រឹងការការពារដែនអាកាសរបស់យើង។ ខ្ញុំរំពឹងយ៉ាងខ្លាំងថាពួកគេនឹងគាំទ្រ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួន សំដៅលើទីក្រុង និងទីប្រជុំជននានានៅទូទាំងប្រទេសអ៊ុយក្រែន ជារៀងរាល់ថ្ងៃ ចាប់តាំងពីដើមខែកញ្ញាមក។ រុស្សីក៏បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំជាច្រើនដងប្រឆាំងនឹងទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែននៅក្នុងខែវិច្ឆិកា។


កាលពីថ្ងៃទី 28 ខែវិច្ឆិកាកន្លងទៅនេះ រដ្ឋមន្ត្រីថាមពលលោក Herman Halushchenko បាននិយាយថា ប្រទេសរុស្ស៊ីបានបើការវាយប្រហារយ៉ាងខ្លាំងក្លា ទៅលើបណ្តាញថាមពលរបស់ប្រទេស ដោយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលកើតឡើងនៅទូទាំងប្រទេស។ ពេញមួយយប់ថ្ងៃទី 17 ខែវិច្ឆិកា រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតមួយលើអ៊ុយក្រែន បណ្តាលឲ្យជនស៊ីវិល ចំនួន7នាក់ស្លាប់ និងយ៉ាងហោចណាស់ 19 នាក់រងរបួសនៅទូទាំងតំបន់ជាច្រើន។ រុស្ស៊ី​បាន​បញ្ចេញ​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ Shahed ដែល​រចនា​ដោយ​អ៊ីរ៉ង់​តម្លៃ​ថោក ប៉ុន្តែ​មាន​ប្រសិទ្ធភាព ​រាប់ម៉ឺន​គ្រឿង​ប្រឆាំង​នឹង​អ៊ុយក្រែន​តាំងពី​រដូវស្លឹកឈើជ្រុះ​ឆ្នាំ ២០២២មកម្ល៉េះ។

នៅថ្ងៃទី 20 ខែតុលា លោក Zelensky បាននិយាយថា យន្តហោះគ្មានមនុស្សបើកប្រភេទ Shahed សរុបចំនួន 6,130 គ្រឿង ដែលរុស្សីបានបង្ហោះទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីដើមឆ្នាំ 2024 នោះមក។ នៅពេលដែលសង្រ្គាមនៅតាមបណ្តោយរណសិរ្សភាគខាងកើតរបស់អ៊ុយក្រែននៅតែបន្ត រុស្ស៊ីក៏បន្តរក្សាការខាតបង់ផ្នែកយោធាផងដែរ។ នៅក្នុងខែវិច្ឆិកា ទាហានរុស្ស៊ីចំនួន 45,720 នាក់បានរងរបួស ស្លាប់ ឬត្រូវបានចាប់ខ្លួន។ រុស្ស៊ីក៏បានបាត់បង់សព្វាវុធ និងឧបករណ៍ក្នុងខែវិច្ឆិកា ដែលប៉ាន់ស្មានថាមានតម្លៃជាង ៣ពាន់លានដុល្លារ នេះបើយោងតាមក្រសួងការពារជាតិអ៊ុយក្រែន៕

  

ប្រភព៖ The Kyiv Independent

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២