របបលោក Assad ដែលត្រូវបានបណ្តេញចេញបានផ្លាស់ប្តូរភ្នំ Qasioun ក្នុងទីក្រុង Damascus ដែលជាតំបន់ហាមឃាត់សម្រាប់ជនស៊ីវិល ទៅជាកន្លែងផលិតគ្រាប់បែកធុងនៅអំឡុងពេលសង្រ្គាមស៊ីវិលរបស់ប្រទេសស៊ីរី។នេះបើយោងតាមខ្សែវីដេអូដែលបានកត់ត្រា និងពិនិត្យដោយ Anadolu ។ គ្រាប់បែកធុងដែលមានភាពល្បីល្បាញដោយសារសមត្ថភាពរបស់វាក្នុងការសម្លាប់ជនស៊ីវិលយ៉ាងច្រើននោះគឺពោរពេញទៅដោយគ្រឿងផ្ទុះ ដែកអេតចាយ ដែកគោល និងប៊ូឡុងជាដើម។


កងកម្លាំងរបបនេះពឹងផ្អែកយ៉ាងខ្លាំងលើអាវុធដែលមានតម្លៃទាបទាំងនេះ។ ពួកគេអាចបំផ្លិចបំផ្លាញតំបន់ដែលមានទទឹងរហូតដល់ 200 ម៉ែត្រ ដែលបណ្តាលឱ្យជនស៊ីវិលរាប់ពាន់នាក់ស្លាប់នៅអំឡុងពេលមានជម្លោះ។ វីដេអូ Anadolu បានចាប់យករោងចក្រនៅជើងភ្នំ Qasioun ដោយបង្ហាញធុង សារធាតុផ្ទុះ ហ្វុយហ្ស៊ីប និងលោហៈផ្សេងៗនៅខាងក្នុង។ រូបសំណាករបស់លោក Bashar Assad បានសម្គាល់ច្រកចូលអគារ។


បណ្តាញសិទ្ធិមនុស្សស៊ីរី (SNHR) បានកត់ត្រាការវាយប្រហារដោយគ្រាប់បែកធុងចំនួន 81,916 លើតំបន់ជនស៊ីវិលនៅចន្លោះខែកក្កដា ឆ្នាំ 2012 ដល់ខែមេសា ឆ្នាំ 2021 ដែលនាំឱ្យមនុស្សស្លាប់ជាង 11,000 នាក់ ក្នុងនោះមានកុមារចំនួន 1,821 នាក់ និងស្ត្រី 1,780 នាក់។ ខេត្តដែលត្រូវបានគេកំណត់គោលដៅខ្លាំងបំផុតដោយការបំផ្ទុះគ្រាប់បែកទាំងនេះគឺទីក្រុង Damascus, Aleppo, Daraa, និង Idlib ដោយក្រុង Aleppo មានអ្នកស្លាប់ និងរបួសច្រើនជាងគេ។


លោក Bashar Assad ដែលជាមេដឹកនាំប្រទេសស៊ីរីអស់រយៈពេលជិត 25 ឆ្នាំបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីក្រុមប្រឆាំងរបបគ្រប់គ្រងបានកាន់កាប់ទីក្រុង Damascus កាលពីថ្ងៃទី 8 ខែធ្នូ ដោយបញ្ចប់ការគ្រប់គ្រងដ៏យូរអង្វែងរបស់គណបក្ស Baath ដែលបានកាន់អំណាចតាំងពីឆ្នាំ 1963នោះមក។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីពួកយុទ្ធជន Hayat Tahrir al-Sham បានវាយលុកយ៉ាងរហ័សនៅទីក្រុងសំខាន់ៗនៅក្នុងការវាយលុកមួយដែលមានរយៈពេលតិចជាងពីរសប្តាហ៍។ រដ្ឋបាលថ្មីក្រោមការដឹកនាំរបស់ Ahmed al-Sharaa ចាប់តាំងពីពេលនោះមក៕

ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា