ក្រៅពីជាប់ដៃបង្ក្រាបក្រុម Hamas នៅតំបន់Gaza និងបង្ក្រាបក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅលីបង់ ឥឡូវនេះយន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើទីក្រុង Tel al-Shahem ភាគនិរតីនៃរដ្ឋធានី Damascus ប្រទេសស៊ីរីទៀតកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។ហើយទីតាំងគោលដៅដែលត្រូវបានប្រើនោះគឺជាមូលដ្ឋានយោធារបស់របប Bashar al-Assad ដែលបានដួលរលំ។ការផ្ទុះយ៉ាងខ្លាំង ត្រូវបានគេឮនៅក្រុងដាម៉ាសក្នុងអំឡុងពេលវាយប្រហារនោះ។


លោក Assad ដែលជាមេដឹកនាំប្រទេសស៊ីរីអស់រយៈពេលជិត 25 ឆ្នាំបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីបន្ទាប់ពីក្រុមប្រឆាំងរបបគ្រប់គ្រងបានកាន់កាប់ទីក្រុង Damascus កាលពីថ្ងៃទី 8 ខែធ្នូ ដោយបញ្ចប់របបរបស់ Baath Party ដែលកាន់អំណាចតាំងពីឆ្នាំ 1963មកនោះ។


ការកាន់កាប់នេះបានធ្វើឡើង បន្ទាប់ពីអ្នកប្រយុទ្ធ Hayat Tahrir al-Sham បានដណ្តើមយកទីក្រុងសំខាន់ៗនៅក្នុងការវាយលុកដែលមានរយៈពេលតិចជាងពីរសប្តាហ៍។ រដ្ឋបាលថ្មីដែលដឹកនាំដោយ Ahmed al-Sharaa ឥឡូវនេះបានចូលកាន់តំណែងហើយ។


កងទ័ពអ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួនលើទឹកដីស៊ីរីចាប់តាំងពីការដួលរលំរបស់លោក Assad ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធា និងសម្ភារៈបរិក្ខារនានា ខណៈពេលដែលពង្រីកការគ្រប់គ្រងលើតំបន់ Golan Heights ដែលខ្លួនបានកាន់កាប់។


អ៊ីស្រាអែលបានកាន់កាប់ភាគច្រើននៃ Golan Heights ចាប់តាំងពីសង្រ្គាមមជ្ឈឹមបូព៌ាឆ្នាំ 1967នោះមក ។ បន្ទាប់ពីការដួលរលំនៃរបបអាសាដ ទីក្រុង Tel Aviv បានដណ្តើមយកតំបន់គ្មានយោធានៅក្នុងខេត្ត Quneitra របស់ប្រទេសស៊ីរី ៕

ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា