កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅវាយប្រហាររោងចក្រឧស្សាហកម្មមួយនៅ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី 8 ខែមករានេះ ដោយបានសម្លាប់មនុស្សចំនួន 13 នាក់ និងរងរបួសចំនួន 63 នាក់។នេះបើយោងតាមរបាយការណ៍ សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន។ អភិបាលស្រុក Zaporizhzhia លោក Ivan Fedorov បាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយប្រើគ្រាប់បែកដឹកនាំ KAB ។ យោងតាមអគ្គស្នងការនគរបាលជាតិ គ្រាប់បែកបានផ្ទុះឡើងក្នុងចំណោមហ្វូងមនុស្សនៅចន្លោះអគាររដ្ឋបាលនៃហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវ។


ការវាយប្រហារនេះបានធ្វើឱ្យខូចខាតអគារអាផាតមិន កន្លែងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ យោងតាមការិយាល័យអគ្គព្រះរាជអាជ្ញាបានឲ្យដឹងថា រថភ្លើងមួយគ្រឿង និងរថយន្តតូចដែលដឹកអ្នកដំណើរក៏ត្រូវបានរងគ្រោះផងដែរ។ សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបានរាយការណ៍ថា ការវាយប្រហារនេះបានសម្លាប់មនុស្ស 13 នាក់ និងរងរបួសយ៉ាងហោចណាស់ចំនួន 63 នាក់។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះពេលនេះបានបញ្ចប់ហើយ។ សេវាសង្គ្រោះបន្ទាន់របស់រដ្ឋបាននិយាយថា អគាររដ្ឋបាលចំនួន 4 និងរថយន្តចំនួន 27គ្រឿងបានរងការខូចខាត។
Zaporizhzhia មានប្រជាពលរដ្ឋរស់នៅប្រហែល 710,000 នាក់ មុនពេលការលុកលុយពេញលក្ខណៈរបស់រុស្ស៊ីនៅឆ្នាំ 2022 ដែលជារឿយៗត្រូវបានវាយប្រហារដោយកងកម្លាំងរុស្ស៊ី។ការវាយប្រហារនេះគឺជាផ្នែកមួយនៃការវាយប្រហាររបស់រុស្ស៊ីយ៉ាងទូលំទូលាយនៅទូទាំងប្រទេសអ៊ុយក្រែន។ អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា ជនស៊ីវិលយ៉ាងហោចណាស់ពីរនាក់បានស្លាប់ និងរបួស ១៣ នាក់នៅទូទាំងប្រទេសក្នុងមួយថ្ងៃ។


ពេញមួយយប់ រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed ចំនួន 64 គ្រឿង និងយន្តហោះគ្មានមនុស្សបើកជាច្រើនទៀតគ្រឿងវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមកងទ័ពអាកាសអ៊ុយក្រែន។


កងការពារដែនអាកាសរបស់អ៊ុយក្រែនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ៤១ គ្រឿងលើតំបន់ចំនួន ៩ ។ ក្នុងចំណោមយន្តហោះគ្មានមនុស្សបើកដែលនៅសេសសល់ មានយន្តហោះគ្មានមនុស្សបើកចំនួន 22 គ្រឿងបានបាត់បង់នៅក្នុងដែនអាកាសអ៊ុយក្រែន, 3 គ្រឿងបានត្រឡប់ទៅប្រទេសរុស្ស៊ីវិញ និងមួយគ្រឿងបានហោះទៅប្រទេសបេឡារុស្ស។នេះបើយោងតាម The Kyiv Independent ៕


ប្រែសម្រួលដោយ៖ វាសនា