យ៉ាងហោចណាស់មនុស្ស 17 នាក់បានស្លាប់ និង 74នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ នៅក្នុងការផ្ទុះជាបន្តបន្ទាប់ដោយការវាយប្រហារស្ថានីយ៍ប្រេងឥន្ធនៈចំនួន 4 ក្នុងខេត្ត Al-Bayda ភាគខាងត្បូងនៃប្រទេសយេម៉ែន។ នេះបើយោងតាមក្រសួងសុខាភិបាលដែលស្ថិតនៅក្រោមរដ្ឋាភិបាល ដែលដឹកនាំដោយក្រុម Houthi ដែលមិនមានការទទួលស្គាល់ជាអន្តរជាតិ។


ក្រសួងសុខាភិបាលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន ៥០ នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ កាលពីល្ងាចថ្ងៃសៅរ៍ វេទិកាប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃបាននិយាយថា ការផ្ទុះបានកើតឡើងនៅក្នុងតំបន់ Nassefa នៃស្រុក Al-Zahir ។ អ្នកនាំពាក្យរដ្ឋាភិបាល Houthi លោក Hashem Sharafuddin បាននិយាយថា កងកម្លាំងសន្តិសុខកំពុងស៊ើបអង្កេតយ៉ាងសកម្មនូវឧប្បត្តិហេតុនេះ ទោះបីជាមិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានផ្តល់ឱ្យក៏ដោយ។


ក្រុមនេះបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ជនរងគ្រោះក្នុងឧបទ្ទវហេតុសោកនាដកម្មដែលបានកើតឡើងដោយសារការផ្ទុះនៅស្ថានីយប្រេងទាំងនោះ។ វត្តមានស្ថានីយប្រេងជាច្រើនក្នុងតំបន់លំនៅឋានទូទាំងប្រទេសយេម៉ែនបាននាំឱ្យមានគ្រោះថ្នាក់ម្តងហើយម្តងទៀត។ ប្រទេសយេម៉ែននៅតែរងផលប៉ះពាល់យ៉ាងខ្លាំងដោយសង្រ្គាមស៊ីវិលដែលបានអូសបន្លាយយ៉ាងយូរ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន និងបានធ្វើឱ្យមនុស្សរាប់លាននាក់រងទុក្ខដោយសារវិបត្តិមនុស្សធម៌៕

ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា