ភ្នំពេញ៖ សមត្ថកិច្ចចុះទៅឃាត់ខ្លួនអ្នកចាក់ធុងបាស និងអ្នកលក់សាច់គោបន្ទាប់ពីភាគីទាំងពីរបានប្រើអំពើហិង្សាវាយគ្នាទៅវិញទៅមករងរបួសស្រាលទាំងសងខាង។ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០យប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសម្តីពីខាងអ្នកលក់សាច់គោបានឲ្យដឹងថា មុនពេលកើតហេតុខណៈពួកគាត់កំពុងតែលក់ដូរស្រាប់តែភាគីក្រុមខាងផឹកស៊ីបើកធុងបាស់ច្រៀងលាន់លឺខ្លាំងៗពេករកស្ដាប់អីមិនបាន ក៏ទៅប្រាប់ឲ្យបន្ថយសំឡេងបន្តិច នៅពេលនោះដែរក្រុមអ្នកផឹកស៊ីខឹងក៏បានជេរប្រមាថមើលងាយឲ្យខាងលក់សាច់គោ ដោយទប់អារម្មណ៍មិនបានក៏ឈ្លោះប្រកែកគ្នារហូតឈានដល់ក់ប្រើអំពើហិង្សាវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសស្រាលរៀងៗខ្លួនទើបផ្អើលដល់ពលរដ្ឋជិតខាង បានទាក់ទងទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗឃាត់ខ្លួនភាគីទាំងសងខាងនាំយកទៅប៉ុស្តិ៍ដើម្បីសួរនាំពីមូលហេតុ ។

បន្ទាប់ពីកើតហេតុ ដោយភាគីទាំងសងខាងមិនបានប្ដឹងផ្ដល់គ្នាទៅវិញទៅមកនោះ សមត្ថកិច្ចក៏បានធ្វើលិខិតបដិសេធពាក្យបណ្តឹង និងកិច្ចសន្យាណែនាំឲ្យត្រឡប់ទៅវិញរៀងៗខ្លួន៕


ដោយ៖ វិសាល