ដោះស្រាយគំនុំចាស់ កូនជាងជួសជុលឡានឈា.មរាវទាញកាំបិតប៉័ងតោកា.ប់មេការជាងជួសជុលបណ្តាលឱ្យរងរបួ.សធ្ង.ន់ ហើយជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅបេនឡាន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវកែវបានធ្វើការឃាត់ខ្លួនបុរសម្នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះបណ្តាលឱ្យរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ នៅចំណុចការ៉ាស់ជួសជុលរថយន្តយីហោបូព៌ាអាស៊ី ផ្លូវ598ក្រុមទី3 ភូមិពោងពាយ សង្កាត់ទួលសង្កែទី2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ង​ សារឿន​ អាយុ48ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការជាងជួសជុលរថយន្តមានទីលំនៅ ភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់ធ្ងរ)។

ចំណែកជនសង្ស័យឈ្មោះ ថន នុត អាយុ25ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្លូវ598 ភូមិពោងពាយ សង្កាត់ទួលសង្កែទី2 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន) វត្ថុតាងដកហូតបានរួមមានកាំបិតប៉័ងតោដងឈើ១។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះកំពុងធ្វើការនៅចណុចកើតហេតុខាងលើ ស្រាបតែមានជនសង្ស័យម្នាក់ដែលជាកូនជាងនៅការ៉ាស់ធ្វើការជាមួយគ្នាដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក និងមានគំនុំគុំគួនបានយកកាំបិតប៉័ងតោដែលជនសង្ស័យបានទិញពីផ្សារមកលាក់ទុកក្នុងខ្លួន ។ ពេលឃើញឱកាសល្អជនសង្ស័យបានដកកាំបិតពីចង្កេះធ្វើសកម្មភាពកាប់លើជនរងគ្រោះបណ្តាលឱ្យត្រូវស្មាក្រោយខាងស្តាំរបួសធ្ងន់ធ្ងររួចរត់គេចខ្លួនបាត់។

 

បន្ទាប់មកជនរងគ្រោះត្រូវបានអ្នកធ្វើការជាមួយបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែតហើយប្រពន្ធជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២។

ក្រោយទទួលបណ្តឹងកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍សហការណ៍ជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ក៏កំណាត់មុខសញ្ញាឈានដល់ឃាត់ខ្លួនបានជនសង្ស័យនៅម៉ោងជាង១២រសៀលថ្ងៃខែឆ្នាំដដែលនៅចំណុចបេនឡាន ផ្លូវ១០៩កែង១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា​ យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីចាត់ការតាមនិតិវិធី។

 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២