មិនដឹងយ៉ាងម៉េច យ៉ាងម៉ាទេបងប្អូន ឈុតត្រៀមដណ្ដើមខ្សែក្រវ៉ាត់ Dragon Kun Khmer ចុងខែនេះ សុទ្ធតែជើងខ្លាំង អ្នកខ្លះជិះយន្តហោះចម្ងាយរាប់ពាន់គីឡូម៉ែត្រមកដណ្តើមខ្សែក្រវ៉ាត់ដ៏ធំមួយនេះ

ភ្នំពេញ៖ បើមើលតាមការវិភាគរបស់អ្នកគាំទ្រ និងកីឡាករមួយចំនួនដែលជាមិត្តរួមអាជីពជាមួយគ្នា ហាក់បីដូចជាពិបាកទស្សទាយថាតើកីឡាករជើងខ្លាំងរូបណា នឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ Dragon Kun Khmer នៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនាចុងខែមីនានេះ។

បេក្ខភាពកីឡាករជើងខ្លាំង៤រូប ដែលនឹងត្រូវមកតតាំងដណ្តើមយកខ្សែរក្រវ៉ាត់4 MEN TOURNAMENT ក្នុងកម្មវិធី Dragon Kunkhmer នោះរួមមាន៖ កីឡាករអេស្បាញ  KEWIN MARTINEZ ដែលធ្លាប់យកឈ្នះកីឡាករគុនខ្មែរយើង ២រូបនៅក្រៅប្រទេសជាបេក្ខភាពខ្សែក្រវាត់ម៉ារ៉ាតុនទី១ ខណៈកីឡាករអាហ្វកានីស្ថាន  YASIN ជាបេក្ខភាពទី ២ រីឯបេក្ខភាពទី៣ គឺកីឡាករគុនខ្មែរ គឿម សុវណ្ណឃីម និងបេក្ខភាពទី៤ គឺកីឡាករគុនខ្មែរសែន រ៉ាដេត។

 

កីឡាករជើងខ្លាំងទាំងបួនរូបនេះត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាអ្នកមានអាវុធពិសេសរៀងៗខ្លួន ហើយបើយោងតាម បទពិសោធន៍ធ្លាប់ទស្សនាការប្រកួតរបស់អ្នកទាំងបួនរូបនេះកន្លងមក គឺមិនធម្មតាឡើយ សុទ្ធតែជាកីឡាករខ្លាំងដូចគ្នា។

ដូច្នេះគេជឿជាក់ថា ការប្រកួតដណ្ដើមខ្សែក្រវ៉ាត់លើកនេះ ប្រាកដជាមានភាពតានតឹងនឹងធ្វើឲ្យអ្នកគាំទ្រពិបាកជ្រើសរើសរកអ្នកខ្លាំងពិតប្រាកដណាស់ មានតែរង់ចាំទស្សនាព្រឹត្តិការណ៍ប្រកួតជាក់ស្ដែងទាំងអស់គ្នាបងប្អូន។

សូម្បីតែកីឡាករមួយចំនួន ដែលបានផ្ដល់កិច្ចសម្ភាសន៍មកកាន់ក្រុមការងារ Town News ក៏ពិបាកក្នុងការវិភាគដែរ អ្នកខ្លះយល់ថា កីឡាករសែន រ៉ាដេត អាចនឹងមានឱកាសខ្ពស់ ព្រោះជាកីឡាករជើងចាស់ មានបទពិសោធន៍ច្រើន បច្ចុប្បន្នក៏បង្ហាញខ្លួនយ៉ាងល្អដែរ។ អ្នកខ្លះក៏យល់ថា កីឡាករយ៉ាស៊ីន ដែលជាសិស្សរបស់លោកគ្រូសេន ប៊ុនថេន ក៏មិនធម្មតាដែរ ដ្បិតសែន រ៉ាដេត កន្លងមក ក៏ពិបាកទប់ជាមួយកីឡាកររូបនេះដែរ។ ចំណែកឯគឿម សុវណ្ណឃីមវិញ ក៏មិនអាចមើលរំលង ដោយគេជាកីឡាករមានអាវុធមុតស្រួច ទាំងកម្លាំងស៊ុស ការប្រើប្រាស់កណ្ដាប់ដៃ ច្បាស់ល្អ ។ ចំណែកឯកីឡាករប្រេស៊ីលវិញ អ្នកគាំទ្រភាគច្រើនប្រាកដជាបានស្គាល់កិត្តិនាមកីឡាកររូបនេះច្បាស់ណាស់ ក្រោយពីគេបានយកឈ្នះទៅលើកីឡាករជើងខ្លាំងគុនខ្មែររបស់យើងរហូតដល់ទៅ២រូប ក្នុងការប្រកួតយ៉ាងតានតឹងនាពេលកន្លងមក។

ដូច្នេះកុំឲ្យការប្រកួតដ៏កក្រើកនេះកន្លងផុតទៅដោយមិនបានទស្សនាផ្ទាល់ឱ្យសោះបងប្អូន ជួបគ្នាក្នុងការប្រកួតនៅថ្ងៃទី30 ខែមីនា ឆ្នាំ២០២៥ កម្មវិធីចាប់ពីម៉ោង ៨យប់តទៅ ទីតាំងរៀបចំសង្វៀន នៅតាមបណ្តោយផ្លូវជាតិលេខ1 ភូមិ ជ័យឧត្តម១ ឃុំ សំរោងធំ   ស្រុកកៀនស្វាយ ខេត្ត កណ្តាល។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង DRAGON BEERផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២