ពិសេសមិនធ្លាប់មាន! បាល់ទាត់ក្នុងសាលរាជធានីភ្នំពេញដល់វគ្គផ្ដាច់ព្រ័ត្រហើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាចុងសប្តាហ៍នេះ

ពហុកីឡដ្ឋានជាតិមរតកតេជោ ទីតាំងកីឡាប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលទើបទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម២០២៣កន្លងទៅ ពេលនេះនឹងមានព្រឹត្តិការណ៍កីឡាវគ្គផ្ដាច់ព្រ័ត្រដ៏ពិសេសមួយទៀតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ គឺវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្នុងសាលរាជធានីភ្នំពេញរដូវកាលទី១ រវាងក្រុមមីហឹរសេអ៊ូល ទល់នឹងក្រុម ស៊ីឡៃស្តារ (C-Light Star)។

ក្រោយចាប់ផ្ដើមរដូវកាលបើកឆាកតាំងពីចុងខែធ្នូ ឆ្នាំ២០២៤មក ពានរង្វាន់បាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ រៀបចំដោយកម្មវិធីកីឡានៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ពេលនេះបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដែលនឹងរៀបចំយ៉ាងពិសេសនៅពហុកីឡដ្ឋានជាតិមរតកតេជោនារសៀលថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥។ នេះគឺជាលើកទី១ដែលមានការប្រកួតផ្ដាច់ព្រ័ត្របាល់ទាត់ក្នុងសាលធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោដ៏ទំនើបបំផុតរបស់កម្ពុជា។

នៅក្នុងព្រឹត្តិការណ៍ថ្ងៃសុក្រទី២៨ខែមីនានេះ ក្រៅអំពីវគ្គផ្ដាច់ព្រ័ត្ររវាងក្រុម មីហឹរសេអ៊ូល និងក្រុម ស៊ីឡៃស្តារ ក៏នៅមានការប្រកួត២គូផ្សេងទៀតដ៏ជក់ចិត្ត គឺការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុម The Peanut FT និងក្រុម Lucky FC ហើយនៅមុនដល់គូផ្ដាច់ព្រ័ត្រ ថែមទាំងមានការប្រកួតគូកិត្តិយសយ៉ាងកក្រើកមួយគូទៀតដែលប្រជុំទៅដោយបុគ្គលល្បីល្បាញដែលជា idol របស់មហាជន គឺក្រុមផ្ការីកគ្រប់រដូវ ដឹកនាំដោយលោកពែកមី ប្រកួតជាមួយក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។ លើសពីនេះ នៅចន្លោះពេលសម្រាកនីមួយៗ ក៏មានការសម្ដែងចម្រៀងពីតារាចម្រៀងល្បីៗនិងស្រស់ស្អាតជាច្រើនដួងផងដែរ។

ព្រឹត្តិការណ៍ផ្ដាច់ព្រ័ត្រ Phnom Penh Futsal Championship 2024-25 ខាងលើ បើកឱ្យសាធារណៈជនចូលរួមទស្សនាដោយសេរី ឥតគិតថ្លៃ ចាប់ពីម៉ោង២រសៀលតទៅ។ សូមអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករ និងរួមគ្នាលើកស្ទួយជួយជ្រោងវិស័យបាល់ទាត់ក្នុងសាលរបស់កម្ពុជាឱ្យកាន់តែឈានឡើងទៅកាន់កម្រិតថ្មីមួយទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២