ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាយើង វិលត្រឡប់មកវិញហើយបងប្អូន នាចុងសប្ដាហ៍នេះ សុទ្ធតែក្រុមខ្លាំង!

ភ្នំពេញ៖ អ្នកគាំទ្របាល់ទាត់កម្ពុជាត្រៀមបំពង់ក ចាំតែស្រែកហ៊ោរទៅ  សប្តាហ៍នេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លីគកំពូលកម្ពុជាត្រឡប់មកវិញហើយ ជាមួយនឹងការប្រកួតកាន់តែជក់ចិត្តដិតអារម្មណ៍ជាងសប្តាហ៍មុនៗទៅទៀត។ ជាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ នឹងវិលមកវិញនៅចុងសប្ដាហ៍នេះ បន្ទាប់ពីសម្រាកអំឡុងពេល FIFA DAY ១សប្ដាហ៍កន្លងទៅ។

ការប្រកួតសប្ដាហ៍ទី២៦ នៅចុងសប្ដាហ៍នេះ នៅតំបន់ TOP6 កាន់តែតានតឹងបន្ថែមទៀត ក្រោយពីបញ្ចប់ការប្រកួតសប្ដាហ៍ទី២៥ កន្លងទៅ មាន៣ក្រុមហើយកំពុងតែប្រដេញពិន្ទុគ្នា ប្រជែងពានខេមបូឌានព្រីមៀរលីគរដូវកាល២០២៤/២០២៥។

យោងតាមក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានបង្ហាញ៣ក្រុមដែលកំពុងប្រដេញពិន្ទុគ្នារួមមាន៖ ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង មាន ៥៨ពិន្ទុ តាមពីក្រោយដោយលេខ២ សិង្ហក្រហមភ្នំពេញក្រោន មាន ៥៧ពិន្ទុ និងលេខ៣ វិសាខា មាន ៥៣ពិន្ទុ ។

សម្រាប់ការប្រកួតចុងសប្ដាហ៍នេះ រួមមាន៖ ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ណាហ្គាវើលដ៍ ទទួល ព្រះខ័នរាជស្វាយរៀងនៅវេលាម៉ោង ៦:០០នាទីល្ងាច និង សមាគមកីឡាក្រសួងមហាផ្ទៃ ជួប កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៦:០០នាទីល្ងាច ដូចគ្នា។ ចំណែកឯថ្ងៃអាទិត្យ Super Sunday Match តែម្ដង អង្គរថាយហ្គឺរ ទទួល សិង្ហក្រហមភ្នំពេញក្រោន វេលាម៉ោង ៦:០០នាទីល្ងាច និងមួយគូចុងក្រោយ សេះមាស វិសាខា ទទួល នាគខៀវ បឹងកេត វេលាម៉ោង ៦:០០នាទីល្ងាច ដូចគ្នាផងដែរ។

 

សូមចូលរួមគាំទ្រ និងអញ្ជើញទៅទស្សនាបាល់ទាត់កម្ពុជាឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តកីឡាករ និងលើកស្ទួយបាល់ទាត់ជាតិរបស់យើងឱ្យកាន់តែរីកចម្រើន ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២