ភ្នំពេញ៖ ទីបំផុតការទន្ទឹងរង់ចាំរបស់បងប្អូនក៏បានមកដល់ អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា បានវិលត្រឡប់ចូលសមរភូមិប្រយុទ្ធវិញហើយនៅពេលនេះ ដោយនៅថ្ងៃទី២៨ ខែមីនា ចុងសប្តាហ៍នេះ រូបគេត្រូវលេងឈុតធំទទួលស្វាគមន៍ភ្ញៀវជើងខ្លាំងមកពីសហរដ្ឋអាមេរិក។

ការវិលត្រឡប់មកវិញលើកនេះ ធារ៉ា ថា មិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ នឹងស្អំបេះដូងឱ្យអ្នកគាំទ្រវិញ ដោយប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមខ្សែក្រវ៉ាត់តេជោសន្តិភាព នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។

ការត្រឡប់មកវិញលើកនេះ ធឿន ធារ៉ា នឹងត្រូវជួបតតាំងជាមួយកីឡាករ MAX CRUS ក្នុងការប្រកួតប្រភេទទម្ងន់៧៣គីឡូក្រាម ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ថោន រួមសហការជាមួយនឹងក្រុមហ៊ុន GANZBERG BEER ដោយមានការចូលរួមពីកីឡាករលំដាប់ប្រទេសជាច្រើនមកពីស្ថាប័ន WCKរបស់សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ កម្មវិធីចាប់ផ្តើមពីម៉ោង 8:00 យប់តទៅ នៅដីឡូតិ៍មួយកន្លែងស្ថិតនៅមុខសណ្ឋាគារសុខា ផ្លូវ 60 ម៉ែត្រ ក្រុងសៀមរាប ខេត្តសៀមរាប ។

មុនព្រឹត្តិការណ៍ប្រកួតចូលមកដល់អ្នកលេងពូថៅធឿន ធារ៉ារបស់យើងបានបង្ហើបពីចំណាប់អារម្មណ៍របស់គេថា «ខ្ញុំពិតជាសោកស្ដាយចំពោះការអវត្តមានប្រកួតសំខាន់កាលពីលើកមុន ប៉ុន្តែឱកាសលើកនេះ ខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីស្អំបេះដូងអ្នកគាំទ្រ ហើយខ្ញុំនឹងយកបទពិសោធន៍មេរៀនទាំងអស់នេះ ទៅចែករំលែកដល់កីឡាករសិស្សប្អូនជំនាន់ក្រោយ ឱ្យខិតខំហ្វឹកហាត់ ថែរក្សាខ្លួនប្រាណ សមត្ថភាព កុំបោះបង់ដើម្បីក្លាយទៅជាកីឡាករអាជីពមួយរូប មានកេរ្ត៍ឈ្មោះល្បីនៅក្នុងសង្គម»។

ដូច្នេះសូមបងប្អូនកុំភ្លេចចូលរួមតាមដានទស្សនាឲ្យបានច្រើនកុះករដើម្បីលើកទឹកចិត្តកីឡាករគុនខ្មែររបស់យើង ដែលមានការប្រកួតជាច្រើនគូទៀត សុទ្ធសឹងតែជាគូជក់ចិត្ត ។នៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះដែរ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍TOWN FULL HDTV,ទំព័រហ្វេសប៊ុកTOWN FULL HDTV, TOWN FM 102.25 និងBEER GANZBERG ផងដែរ៕



ដោយ៖ វិកគី