ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញដឹកនាំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គភាពកីឡាក្រសួង-ស្ថាប័ន តំណាងចលនាប៉ារ៉ាឡាំពិក តំណាងចលនាស្ប៉េស្យាល់អូឡាំពិក និងសហព័ន្ធកីឡាជាតិ នៅទីស្នាក់ការរបស់ខ្លួន។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី បានថ្លែងក្នុងពិធីបើកថា ការរៀបចំមហាសន្និបាតនេះ គឺដើម្បីរំលេចឡើងនូវសមិទ្ធផលនានា ដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មហាគ្រួសារចលនាអូឡាំពិក និងកីឡាជាតិកន្លងមក ហើយត្រូវបន្ដសម្លឹងទៅមុខឆ្ពោះទៅបំពេញបេសកកម្មថ្មីៗបន្ថែមទៀតរបស់ចលនាអូឡាំពិកជាតិ ក៏ដូចវិស័យកីឡាជាតិ។

 

ឯកឧត្តមមានប្រសាសន៍ថា «NOCC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ ជាមួយសសរស្តម្ភសំខាន់ទាំងបីគឺ NOCC ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ។ ដូចនេះ ដើម្បីជំរុញយន្តការគ្រប់គ្រងដឹកនាំ និងអនុវត្តការងារកីឡាបានជោគជ័យត្រូវការ ស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងធ្វើការជាមួយគ្នាក្នុងសុខដុមរមនាការងាររបស់សសរស្តម្ភទាំងបី ដែលជាមូលដ្ឋានគ្រឹះនៃជោគជ័យក្នុងការអភិវឌ្ឍសក្តានុពលភាពវិស័យកីឡាជាតិ»។

ឆ្លៀតឱកាសក្នុងនេះដែរ ក្នុងនាមចលនាអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់ប្រព័ន្ធការងារកីឡាដែលបានប្រទាក់ក្រឡាគ្នា ធ្វើកិច្ចសហការគ្នាល្អ និងយ៉ាងជិតស្និទ្ធ ដោយតម្កល់ឧត្តមគតិកីឡាជាតិ និងប្រទេសជាតិជាធំរបស់សសរស្តម្ភទាំងបី ធ្វើឲ្យព្រឹត្តិការណ៍ប្រកួតកីឡាទាំងកម្រិតជាតិ និងអន្តរជាតិ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្រោមម្លប់សន្ដិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ទើបយើងអាចមានឱកាសបង្កើតព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្របានជោគជ័យជាបន្តបន្ទាប់ស្របទៅនឹងបាវចនា “កីឡារស់ក្នុងសន្តិភាព”។

ឯកឧត្តមទេសរដ្ឋមន្ដ្រីបានបន្ថែមថា «មហាសន្និបាតនេះ ក្រៅពីការរំលេចឡើងនូវសមិទ្ធផលដ៏វិសេសវិសាលក្នុងឆ្នាំ២០២៤ ខ្ញុំក៏សូមឲ្យអង្គមហាសន្និបាតរៀបចំខ្លួន និងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយបន្តជ្រោងទង់កីឡាជាតិឲ្យលេចត្រដែតលើឆាកអន្តរជាតិបន្ថែមទៀត ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ, ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ពិសេសការត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ និងការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ ដែលនឹងក្លាយជាកាលានុវត្តភាពថ្មីមួយទៀតក្នុងការផ្សព្វផ្សាយកម្ពុជាទៅកាន់ចលនាអូឡាំពិក និងចលនាប៉ារ៉ាឡាំពិកពិភពលោក»។

ដូច្នេះតាមរយៈការកំណត់ចក្ខុវិស័យ និងគោលដៅការងារកីឡាច្បាស់លាស់ខាងលើ ឯកឧត្ដមបានចាត់ទុកគឺជាការជំរុញល្បឿននៃការបំពេញភារកិច្ច កាតព្វកិច្ចក្នុងការកសាងគុណភាព និងប្រសិទ្ធភាពគុណផលកីឡាឲ្យមានសង្គតិភាពនៅនឹងនិន្នាការ រីកចម្រើននៃវិទ្យាសាស្ត្រកីឡា និងបច្ចេកទេសកីឡា ពិសេសក្នុងនិន្នាការសកលនៃប្រើប្រាស់បច្ចេកវិទ្យាបញ្ញា  សិប្បនិម្មិត “AI” ក្នុងវិស័យកីឡា និងចលនាអូឡាំពិកអន្តរជាតិ ស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ នេះបើតាមការឱ្យដឹងពីគណះកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នើយ៍Olympic Cambodia៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២