រកឃើញហើយម្ចាស់ខ្សែក្រវ៉ាត់លើកដំបូងរបស់កម្មវិធី Mas Fight គឺបានទៅលើកីឡាករវ័យក្មេង នូវ វណ្ណី ខណៈ ឃន សុម៉ាលីបានជើងឯករង

ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ប្រកួតអស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅ វគ្គជម្រុះសន្សំពិន្ទុនៅលើសង្វៀន Mas Fight Cambodia របស់ស្ថានីយទូរទស្សន៍ថោន ទីបំផុតម្ចាស់ខ្សែក្រវ៉ាត់បានរកឃើញហើយ ដោយបានទៅលើកីឡាករនូវ វណ្ណី ព្រមជាមួយនឹងប្រាក់រង្វាន់ម្ចាស់ខ្សែក្រវ៉ាត់រហូតដល់ ២៤លានរៀល ។

កីឡាករនូវ វណ្ណនី បានយកឈ្នះទៅលើកីឡាករឃន សុម៉ាលី ក្រោយប្រកាសលទ្ធផលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ យ៉ាងជក់ចិត្តកាលពីម្សិលម៉ិញនេះ ។អ្នកទាំងពីរហាក់បីដូចជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួត ហើយការវាយចេញរបស់អ្នកទាំងពីរបានច្បាស់ល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្បាច់របស់កីឡាករនូវ វណ្ណី វាយបានច្រើននិងវាចូលពេញៗទៅលើកីឡាករឃន សុម៉ាលី ។

ចំណែកឯកីឡាករឃន សុម៉ាលី វិញបានត្រឹមជើងឯករង ក្រោយពីព្យាយាមលេងជង្គង់ច្រើនទៅលើកីឡាករនូវ វណ្ណី ដោយរូបគេមិនសូវបានប្រើប្រាស់ក្បាច់ដៃឡើយ ព្រោះដៃគូម្ខាងទៀតព្យាយាមបិទយ៉ាងជិត និងពិបាកក្នុងការរកចន្លោះវាយចូលណាស់ ធ្វើឱ្យគេពិបាករកពិន្ទុបន្ថែមពីការវាយលើ ។

ក្រោយប្រកាសលទ្ធផលភ្លាមកីឡាករឃន សុម៉ាលី បានបង្ហាញអារម្មណ៍ខកចិត្តដែលរូបគេមិនអាចយកខ្សែក្រវ៉ាត់នេះបាន ទោះជាយ៉ាងណាមិញក៏ទទួលបានប្រាក់ឧបត្ថម្ភក្នុងនាមជាជើងឯករងចំនួន១២លានរៀលពីកម្មវិធីដូចគ្នាដែរ។

គួរជម្រាបជូនផងដែរថា កម្មវិធីMas Fight ទទួលបានការឧបត្ថម្ភពី Cambodia Beer មានការផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៣រសៀលតទៅ ។នេះជាលើកទីមួយហើយ ដែលកម្មវិធីមួយនេះរៀបចំឲ្យមានការប្រកួតជម្រុះសន្សំពិន្ទុដណ្ដើមខ្សែក្រវ៉ាត់ ហើយកម្មវិធីមួយនេះ ដំណើរការអស់រយៈពេល ជិត ៧ ឆ្នាំមកហើយ ដោយទទួលបានការគាំទ្រជាច្រើនពីអ្នកស្នេហាកីឡាប្រដាល់គុនខ្មែរ ព្រមទាំងទទួលបានការចូលទស្សនាផ្ទាល់រៀងរាល់សប្តាហ៍ស្ទើរតែរកកន្លែងអង្គុយគ្មាន ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២