ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបជនជាតិស្បែកខ្មៅ ចំនួន ០២នាក់ ដែលបានលួងលោមជនរងគ្រោះយកលុយអស់៧លានដុល្លារ ដើម្បីជាថ្នូរបានលុយមកវិញ២៨លានដុល្លារ ពោលគឺជនជាតិស្បែកខ្មៅបានលួងលោមបោកបញ្ជោតជនរងគ្រោះថា ពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្ស៉ៅហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជា ប្រាក់អាចចាយបាន ដោយពួកវានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ ១ទ្វេជា៥។ ការបង្ក្រាបនេះ កាលពីពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។


ជនរងគ្រោះម្នាក់ត្រូវបានជនជាតិស្បែកខ្មៅ ចំនួន ០៥នាក់ លួងលោមថាដំបូងឡើយ ជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន ២ពាន់ដុល្លារ ឲ្យក្រុមឆបោកដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម៉្សៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល៨ពាន់ដុល្លារ តែមុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថា ដើម្បីការពារការពុលម្ស៉ៅគីមីដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឲ្យមើលមុនផងដែរ មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញ ចំនួន ១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ) បន្ទាប់មកក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួច ឲ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយ) ក្រោយមកជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន ២៨លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះ ចំនួន ២៥លានដុល្លារ គ្រាន់តែរាង រាល់ពេល ដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថាប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអញ្ចឹង នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។ ក្រោយមក១ខែ ជនរងគ្រោះមានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និងក្រដាស់សសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។


ជាលទ្ធផល ជនរងគ្រោះបានខាតបង់ប្រាក់រហូតដល់ ៧លានដុល្លារ (ត្រង់នេះ គឺក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច) ហើយសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ ០២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត៕


