ផ្លូវ៣ខ្សែ ដែលជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល តភ្ជាប់ប្រទាក់ក្រឡាគ្នារវាងខេត្តចំនួន៥ នាទិសនិរតីនៃប្រទេសកម្ពុជាត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣ខែគឺ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែលមានប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ។

ផ្លូវទាំង៣ខ្សែនេះ ជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល តភ្ជាប់ប្រទាក់ក្រឡាគ្នារវាងខេត្តចំនួន៥ នាទិសនិរតីនៃប្រទេសកម្ពុជា មានខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត និងខេត្តកែប ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ ដោយធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍ ក៏ដូចជាប្រព័ន្ធឡូជីស្ទីក និងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាភ្ជាប់ទៅតំបន់ជាប់ព្រំដែន ។

ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ បានតភ្ជាប់គ្នាត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក) ហើយផ្លូវជាតិលេខ៤១ គឺបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ ជាមួយខ្សែផ្លូវផ្សេងៗនៅក្នុងតំបន់នេះក្នុងទិសដៅទៅឆ្ពោះកាន់ខេត្តកំពត ជាពិសេសតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតដែលមានភាពទាក់ទាញបំផុតរួមទាំងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។

ការសាងសង់ពង្រីក និងលើកកម្រិតគុណភាពខ្សែផ្លូវទាំង ៣ខ្សែនេះ បានចូលរួម ចំណែកក្នុងការអនុវត្តគោលនយោបាយនិងចក្ខុវិស័យក្នុងការជំរុញការតភ្ជាប់របស់រាជរដ្ឋាភិបាលនិង ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ដែលនឹងប្រែក្លាយខេត្តក្នុងតំបន់ឆ្នេររបស់យើង ឱ្យក្លាយទៅជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ និងប្រទាក់ក្រឡាគ្នា ដើម្បីរួមចំណែកនៅក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរ បន្ថែមទៀត។ ជាក់ស្តែងនាពេលបច្ចុប្បន្ន ខ្សែផ្លូវទាំង៣ខ្សែនេះ បាននិងកំពុងសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ បន្ថែមពីនេះ ខ្សែផ្លូវជាតិទាំង៣ខ្សែ ក៏បានចូលរួម លើកកម្ពស់ការអភិវឌ្ឍតំបន់ ទេសចរណ៍សំខាន់ៗ ដូចជា តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិ ជាពិសេសផ្លូវជាតិលេខ៤១ ដែលនឹងចូល រួមជួយសម្រួល និងបញ្ចៀស ការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិត បន្ថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា៖ ផ្លូវជាតិ៣ខ្សែនេះ (ផ្លូវជាតិលេខ៣១ លេខ៣៣ និងលេខ៤១) មានប្រវែងសរុប ២០១,៣៨៥គ.ម ដែលក្នុងនោះ៖

ផ្លូវជាតិលេខ៣១ មានប្រវែងសរុបចំនួន ៥៣,៥៣៩គីឡូម៉ែត្រមានចំណុចចាប់ផ្ដើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច(ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៧សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។

ចំពោះផ្លូវជាតិលេខ៣៣ មានប្រវែងសរុបចំនួន ៥២,៥៧៧គីឡូម៉ែត្រ មានចំណុចចាប់ ផ្តើមពីក្រុងកំពត(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក ឬច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលជាព្រំដែនកម្ពុជា-វៀតណាម រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និង៧សង់ទីម៉ែត្រ និងផ្លូវបេតុងសរសៃដែកំ កម្រាស់ ២៣សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។

ផ្លូវជាតិលេខ៤១៖ មានប្រវែងសរុបចំនួន ៩៥,២៦៩គីឡូម៉ែត្រ មានចំណុច ចាប់ផ្តើមពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី(ចំណុច ប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ៕

       
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២