ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្ម នាឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅទីលានព្រះស្រែក្នុងកីឡាដ្ឋាន មុខសាលាខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្មសិប្បកម្មក្នុងស្រុកនេះ នឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។


សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ រួមនឹង ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យទីតាំងទីលានព្រះស្រែ មុខសាលាខេត្តកំពង់ឆ្នាំង ដែលក្រុមការងារកំពុងតែរៀបចំ ទីលានព្រះស្រែ ក៏ដូចជាពិនិត្យស្ថានភាព សាកល្បង គោឧសភរាជ្យ ដែលនឹងត្រៀមគោរពព្រះរាជពិធី នាពេលខាងមុខនេះ។

ជាមួយនឹងសកម្មភាពពិនិត្យការងារដែលគ្រោងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្មសិប្បកម្មក្នុងស្រុកនោះ ក៏មានកិច្ចប្រជុំ ជាញឹកញាប់ ស្ដីពីការងារលម្អិតដែលត្រូវរៀបចំ ក្នុងព្រះរាជពិធីនេះ ដើម្បីឲ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ និងយ៉ាងឧត្តុងឧត្តមផងដែរ។
គួររំលឹកផងដែរថា ព្រះរាជពិធីបុណ្យនេះគឺជាសារដាស់តឿនក្រើនរំលឹកដល់បងប្អូនខ្មែរ ប្រជាកសិករ ព្រោះរដូវវស្សាបានចូលមកដល់ហើយ ត្រូវត្រៀមខ្លួនរដូវធ្វើស្រែចម្ការ ត្រូវត្រៀមឧបករណ៍ គ្រាប់ពូជ កម្លាំងអូសទាញ ដើម្បីធ្វើស្រែចម្ការរដូវវស្សាឲ្យទាន់ពេលវេលា៕

ដោយ៖ សំណាង