ភ្នំពេញ៖ បន្ទាប់ពីធ្វើតេសជ្រើសរើសអត្តពលិកដោយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង អស់រយៈពេល២ថ្ងៃ ជម្រើសជាតិដែលចម្រាញ់បានទាំងអស់សរុប២៦នាក់ បានប្រមូលផ្តុំហ្វឹកហាត់ក្រោមថវិកាគាំទ្រពី ក្រសួងអប់រំយុវជននិងកីឡា នៅក្នុងជំរុំហ្វឹកហាត់ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។


យោងតាមការបញ្ជាក់ពី លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិ បានបញ្ជាក់ឱ្យដឹងថា ការប្រមូលផ្តុំអត្តពលិកជម្រើសជាតិហ្វឹកហាត់ក្នុងជំរុំនៅខេត្តស្វាយរៀងនេះ គឺមានសមាសភាពគ្រូបង្វឹក៤នាក់ កីឡាករ២០នាក់ និងកីឡាការិនីចំនួន៦នាក់។

គ្រូជំនួយខាងលើ បានគូសបញ្ជាក់ទៀតថា ការប្រមូលផ្តុំក្រោមការគាំទ្រថវិកាដោយ ក្រសួងអប់រំ យុវជន និងកីឡា នេះសម្រាប់ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា គឺ ត្រៀមបេសកម្មចូលរួមប្រកួតប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ធំៗចំនួន២ ក្នុងឆ្នាំ២០២៥នេះ ។ ព្រឹត្តិការណ៍ទី១ គឺការប្រកួតកីឡាពិភពលោក (WORLD GAME 2025 ) ដែលជាការប្រកួតធំធ្វើឡើង៤ឆ្នាំម្តងនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ សីហា ឆ្នាំ២០២៥ ដែលការត្រៀមខ្លួនលើប្រភេទកីឡាទូកនាគប្រពៃណីខ្នាតអន្តរជាតិ ចម្រុះបុរសនារី ចំណុះ ១២ នាក់ និងចំណុះ ៨នាក់ គ្រោងនឹងប្រជែងលើ ៦ វិញ្ញាសាមានដូចជា ២០០ម៉ែត្រ ៥០០ម៉ែត្រ និង២០០០ម៉ែត្រ។ រីឯព្រឹត្តិការណ៍ទី២ គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងអំឡុងខែ ធ្នូ ឆ្នាំ២០២៥ ដោយ សហព័ន្ធត្រៀមលើប្រភេទដូចជា ទូកកានូ ទូកកាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ។

លោក គង់ សុភាព បានបញ្ជាក់ទៀតថា សម្រាប់ការហ្វឹកហាត់ក្នុងឆ្នាំ ២០២៥ នេះ សហព័ន្ធជំរុញអោយមានការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីឱ្យ កីឡាករ កីឡាការិនី យើងអាចវិវឌ្ឍសមត្ថភាពប្រជែងដណ្តើមបានមេដាយជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ខាងលើទាំងពីរនេះ ព្រោះថា ស៊ីហ្គេម ឆ្នាំ២០២៣ យើងប្រជែងដណ្តើមបានមេដាយ ដូច្នេះឆ្នាំ២០២៥ យើងត្រូវការពារសិទ្ធិផលមេដាយ ខណៈការប្រកួតពិភពលោក វគ្គជម្រុះទូកនាគ មាន២៧ប្រទេស កាលពីឆ្នាំ២០២៤ កន្លងទៅ នៅប្រេទេសហ្វីលីពីន យើងជាប់ក្នុងវគ្គជម្រុះក្នុងចំណោម ១២ប្រទេស ដែលត្រូវបានឡើងទៅលេងក្នុងការប្រកួត WORLD GAME 2025 ។ ដូច្នេះការប្រកួតយើងក៏និងពុះពារប្រជែងដណ្តើមមេដាយជូនកម្ពុជាដែរ៕
