ក្រុមអ្នកស្រាវជា្រវបានរកឃើញការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹក ជាលើកទី២ នៅក្នុងដែនសមុទ្រកម្ពុជា

អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្រពី Bubbles Up Dive Centre, Khmer Dive Group និងមូលនិធិសង្សារ បានបន្តធ្វើការសិក្សាស្រាវជ្រាវអំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹក នៅប្រជុំកោះរ៉ុងនៃប្រទេសកម្ពុជា នៅអំឡុងខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២៥ តាមការព្យាករណ៍ថា ជារដូវបង្កកំណើតរបស់ផ្កាថ្ម។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា នេះជាឆ្នាំទី២ហើយ ដែលក្រុមការងារចុះស្រាវជ្រាវអំពីការបង្កកំណើតរបស់ផ្កាថ្មនៅសមុទ្រកម្ពុជា បន្ទាប់ពីបានរកឃើញជាលើកដំបូងនៅឆ្នាំ២០២៤ ហើយត្រូវបានរកឃើញសារជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២៥នេះ។ ការរកឃើញការបង្កកំណើតផ្កាថ្មជាលើកទី២ នៅក្នុងឆ្នាំ២០២៥នេះ បានបង្ហាញពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិ រក្សរួមគ្នារបស់ក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គការពាក់ព័ន្ធ ដែលបង្កលក្ខណៈអំណោយផលដល់ការរស់រានមានជីវិតរបស់ផ្កាថ្មប៉ប្រះទឹកនៅប្រជុំកោះរ៉ុង ជួយឱ្យផ្កាថ្មមានភាពធន់ និងមានសុខភាពល្អ បើទោះបីជាផ្កាថ្មនៅតំបន់នេះ ធ្លាប់ទទួលរងផលប៉ះពាល់ពីព្រឹត្តិការណ៏នៃផ្កាថ្មប្រែពណ៌ស (Coral Bleaching Event) ក្នុងឆ្នាំ២០២៤ ក៏ដោយ។

ក្រុមការងារកំពុងបន្តតាមដានសុខភាព និងស្ថានភាពនៃផ្កាថ្ម នៅក្នុងដែនសមុទ្រកម្ពុជាយ៉ាងយកចិត្តដាក់ ដើម្បីយល់ដឹង និងកត់ត្រាទិន្នន័យអំពីការបង្កកំណើតរបស់ផ្កាថ្ម ដើម្បីជាទុនក្នុងការតាមដានដំណើរការនៃការបន្តពូជ និងការរស់រានមានជីវិតរបស់ផ្កាថ្មនៅក្នុងតំបន់៕

    

ដោយ៖ សំណាង

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២