រោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំងត្រូវបានថា បានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ ក្រសួងបរិស្ថានកំពុងចាត់វិធានការតាមផ្លូវច្បាប់

ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុន ចំនួន២៨ទីតាំងផ្សេងគ្នា ដែលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានបង្កឱ្យមានការបំពុលទឹកសាធារណៈ ក្នុងឆ្នាំ២០២៤-២០២៥។ រោងចក្រ និងក្រុមហ៊ុនទាំងអស់នោះ ស្ថិតនៅ ខេត្តប៉ៃលិន ចំនួន១ ទីតាំង, ខេត្តកណ្តាល ចំនួន៣ទីតាំង, រាជធានីភ្នំពេញ ចំនួន ៥ទីតាំង, ខេត្តកំពង់ស្ពឺ ចំនួន៣ទីតាំង, ខេត្តបាត់ដំបង ចំនួន ៣ទីតាំង, ខេត្តព្រះសីហនុ ចំនួន ៩ទីតាំង, ខេត្តកំពត ចំនួន១ទីតាំង និងខេត្តត្បូងឃ្មុំ ចំនួន៣ទីតាំង។

កន្លងមក ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ និងវិធានការបច្ចេកទេស ចំពោះរោងចក្រ និងក្រុមហ៊ុន ដែលបានប្រព្រឹត្តបទល្មើសបញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈទាំងអស់នោះ ដើម្បីទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ ដែលជាលទ្ធផល មានរោងចក្រ និងក្រុមហ៊ុន ចំនួន៧ ទីតាំង បានអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេសរួចរាល់ហើយ។

ជាមួយគ្នានេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន ១៦ ទីតាំង នៅមិនទាន់បានអនុវត្តនៅឡើយ ហើយក្រសួងបរិស្ថានកំពុងចាត់វិធានការច្បាប់ និងវិធានការបច្ចេកទេសទៅលើក្រុមហ៊ុនទាំងនោះផងដែរ៕

 

ដោយ៖ សំណាង

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២