ក្រុមពិធីករកីឡាកម្ពុជាបើកកិច្ចប្រជុំស្ដីពីការតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី

ភ្នំពេញ៖ ក្រុមបាល់ទាត់ពិធីករ ពិធីការិនីកីឡាកម្ពុជា ដឹកនាំដោយលោកគុជ ឆៃយ៉ា មានកិត្តិយសបានចូលរួមកិច្ចប្រជុំស្ដីពីការតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តរបស់ខ្លួន(MC Sports Cambodia) ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករ ពិធីការិនីកីឡាកម្ពុជា  ។

កិច្ចប្រជុំនេះ ក៏មានការជួបជុំពិសារអាហារសាមគ្គីជាមួយក្រុមMC Sports ដែលប្រមូលផ្ដុំដោយពិធីករ ពិធីការិនីឆ្នើមដែលសកម្មក្នុងការផ្សព្វផ្សាយវិស័យកីឡា មកពីតាមបណ្ដាស្ថាប័នទូរទស្សន៍ក្នុងស្រុកជាច្រើនស្ថាប័ន ។

 

តាមរយៈរបាយការណ៍អំពីវឌ្ឍនភាពការងារដោយលោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុម MC Sports បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ យុទ្ធនាការបរិច្ចាគឈាម ១០០០សាក់ បានបញ្ចប់ដោយជោគជ័យ ដោយក្នុងនោះក្រុមបាល់ទាត់ពិធីករ​កីឡាកម្ពុជា (MC Sports) បានបំបែកកំណត់ត្រារៀបចំ និងទទួលបានការបរិច្ចាគឈាមរហូតដល់ ១២៥៧សាក់ ក្នុងរយៈពេលមួយថ្ងៃ។ ដោយគិតមកដល់ត្រឹមបច្ចុប្បន្នពិធីករកីឡាកម្ពុជាបានពិភាក្សា និងអនុវត្តសកម្មភាពមួយចំនួនដូចខាងក្រោម៖

-បានហ្វឹកហាត់ និងប្រកួតបាល់ទាត់មិត្តភាពជាបន្តបន្ទាប់។

-បានចែករំលែកព័ត៌មានទៅកាន់ក្រុមកីឡាបាល់ទាត់ផ្សេងៗ ឱ្យចូលរួមយុទ្ធនាការផ្ដល់ឈាម និងបង្កើនភាពស្និទ្ធស្នាលរវាងក្រុមបាល់ទាត់ ។

-ផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ឲ្យប្រជាជនបានចូលរួមផ្ដល់ឈាម។

-តាមរយៈប្រធានក្រុមបាល់ទាត់ផ្សេងៗ និងក្រុមស្ម័គ្រចិត្តបរិច្ចាគឈាមផ្សេងទៀតតែងតែចូលរួមសហការជួយគ្នាទៅវិញទៅមកយ៉ាងសកម្មបំផុត។

-បានចងក្រងក្រុមបាល់ទាត់ និងក្រុមអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមផ្សេងទៀត ហើយរួមគ្នាជាក្រុមមួយ ជាចលនាមួយ ដើម្បីបង្កើនការបរិច្ចាគឈាមឲ្យបានទៀងទាត់ជួយសង្គ្រោះអាយុជីវិតអ្នកត្រូវការឈាមឲ្យបានទាន់ពេលវេលា។

សម្រាប់ទិសដៅការងារបន្តរបស់ក្រុមពិធីករកីឡាកម្ពុជា នៅខែមិថុនាខាងមុខ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាគ្រោងនឹងរៀបចំផែនការបរិច្ចាគឈាមនៅខេត្តសៀមរាប និងក្រុមបាល់ទាត់ដទៃស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានកិត្តិយស។ ក្នុងនោះក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានទាក់ទងស្នើសុំការពិនិត្យលទ្ធភាពសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដោយទទួលបានការឯកភាពជាគោលការណ៍ក្នុងការចូលរួមសហការ។

បន្ទាប់មកទៀតពិធីករកីឡាកម្ពុជានឹងរៀបចំផែនការប្រកួតបាល់ទាត់មិត្តភាពជាមួយនឹងក្រុមស.ស.យ.ក ទៅតាមបណ្ដារាជធានី ខេត្តជារៀងរាល់ខែ ដើម្បីផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការបរិច្ចាគឈាម និងរៀបចំបរិច្ចាគឈាមតាមមូលដ្ឋាននីមួយៗ ដោយបន្តអនុវត្តការងារស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានកិត្តិយស ៕

          

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២