អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Oleksandr Syrskyi បានរាយការណ៍កាលពីថ្ងៃទី 1 ខែឧសភាថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារ និងបំផ្លាញគោលដៅរបស់រុស្សីបានជាង 83,000ទីតាំង នៅក្នុងខែមេសាកន្លងទៅនេះ ដែលបានកើនឡើង 8% បើធៀបនឹងខែមីនា។
លោក Syrskyi បានសរសេរនៅលើ Facebook ថា នៅក្នុងខែមេសា អង្គភាពនៃប្រព័ន្ធគ្មានមនុស្សបើកនៃកងកម្លាំងការពារអ៊ុយក្រែនទទួលបានលទ្ធផលល្អក្នុងការបំផ្លាញសត្រូវ។ហើយប្រសិទ្ធភាពនៃការខូចខាតបានកើនឡើង 5% ផ្សេងទៀត។ភាពជោគជ័យដែលកំពុងកើនឡើងនេះបានបញ្ជាក់ពីតម្រូវការក្នុងការពង្រីកប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកបន្ថែមទៀត។
លោក Syrskyi បានបន្ថែមថា “សង្រ្គាមបច្ចេកវិទ្យាខ្ពស់នាពេលបច្ចុប្បន្ននេះ ទាមទារឱ្យមានចលនាទៅមុខឥតឈប់ឈរ ប្រសិទ្ធភាពកាន់តែច្រើន និងបង្កើនកិច្ចខិតខំប្រឹងប្រែងនៅក្នុងតំបន់នៃយន្តហោះគ្មានមនុស្សបើក ។
លោកអគ្គមេបញ្ជាការក៏បានធ្វើការកត់សម្គាល់ផងដែរថា លោកបានបើកកិច្ចប្រជុំប្រចាំខែជាទៀងទាត់ ជាមួយមេបញ្ជាការនៃអង្គភាពយន្តហោះគ្មានមនុស្សបើក ដើម្បីសម្របសម្រួលការកែលម្អប្រតិបត្តិការទៅលើគោលដៅរបស់រុស្សី។នេះបើយោងតាម The Kyiv Independent ៕
ប្រែសម្រួលដោយ៖ វាសនា