ភ្នំពេញ៖ ជារឿងកម្រខ្លាំងណាស់ ដែលប្រាក់រង្វាន់ក្នុងកម្មវិធី Mas Fight របស់ស្ថានីយទូរទស្សន៍ថោនមិនទាន់មានកីឡាកររូបណាក្រសោបយកបាននៅឡើយទេ ទោះបីជាប្រាក់រង្វាន់ត្រូវបានលើកទៅកាន់គូប្រកួតជាបន្តបន្ទាប់គ្នាក្តី។

ការប្រកួត១ទឹក៩នាទី គឺជាការប្រកួត ដ៏ពិសេសមួយដែលស្ថានីយ៍ទូរទស្សន៍ថោនបាននាំចូលផ្ដាច់មុខ ក៏ដូចជារួមសហការជាមួយនឹងMas Fight ពិភពលោក ច្បាប់នៃការប្រកួតមួយនេះ ពិសេសខុសពីការប្រកួតគុនខ្មែរ គឺរាល់កីឡាករណាដែលអាចផ្ដួលគូប្រកួតឲ្យបោះបង់ការប្រកួត នៅអំឡុងពេល៩នាទីនៃការប្រកួតនោះនឹងទទួលបានប្រាក់រង្វាន់បន្ថែមពីលើតម្លៃខ្លួន ពីកម្មវិធីនូវទឹកប្រាក់ចំនួន៨សែនរៀល ។ប៉ុន្តែក្នុងករណីដែលគួទីមួយមិនអាចធ្វើឲ្យគូប្រកួតបោះបង់ការប្រកួតបាន គឺទឹកប្រាក់នោះនឹងលើកទៅកាន់គូបន្ទាប់ទៀត ដោយបូកបញ្ចូលគ្នា និងគុណថែមរហូត ។

ដោយឡែកនៅក្នុងសប្តាហ៍នេះ ការប្រកួតលក្ខណៈMas Fight មានរហូតដល់ទៅ ៣គូ ហើយទឹកប្រាក់ត្រូវបានលើករហូតដល់គូចុងក្រោយ ដែលជាគូរបស់កីឡាករសំអាត គុនខ្មែរ មានប្រាក់រង្វាន់បន្ថែមរហូតដល់ ២លាន៤សែន ។
ការប្រកួតរបស់សំអាត ទល់នឹងកីឡាករមកពីប្រទេសឡាវ សៀងយ៉ាំ ឡាវ ឡានឆាង ហាក់បីដូចជាតានតឹងខ្លាំងណាស់ ។បើទោះបីជាសំអាតបានព្យាយាមប្រើអាវុធគ្រប់ក្បាច់យ៉ាងណាក៏វាយមិនចុះជាមួយកីឡាករអន្តរជាតិរូបនេះឡើយ។ ដោយសារតែកីឡាកររូបនេះ ធ្លាប់មានប្រវត្តិប្រកួតជាមួយកីឡាករខ្មែរច្រើន គេអាចយល់ច្បាស់ពីច្បាប់គុនខ្មែរ។

យ៉ាងណាមិញការប្រកួតនេះ ក៏អនុញ្ញាតឲ្យកីឡាករប្រើក្បាច់ក្លេបាន ព្រមជាមួយសមត្ថភាពពិសេសរបស់សំអាត ក៏គេជាកីឡាករឆ្នើម MMAមួយរូបកន្លងមកដែរ។ ទោះបីជាព្យាយាមប្រើក្បាច់ក្លេ ក៏នៅតែមិនអាចផ្ដាច់គូប្រកួតបាន រហូតបញ្ចប់ការប្រកួត៩នាទីពេញ អ្នកទាំងពីរនៅតែមិនអាចដណ្តើមយកប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះបានឡើយ ដូច្នេះប្រាក់រង្វាន់សប្តាហ៍នេះ ត្រូវបានចាត់ទុកជាមោឃៈដោយមិនមានកីឡាករណាអាចដណ្តើមយកបាន ៕





ដោយ៖ វិកគី