គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់តម្លៃជាង៩០លានដុល្លារត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកម៉ិញនេះ

នៅព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ”ដែលគម្រោងនេះ នឹងជួយជំរុញការវិនិយោគ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ ។

សម្តេចមហាបវរធិបតីបានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង៦សង្កាត់នៃក្រុង តាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ គម្រោងនេះក៏នឹងជួយជំរុញការវិនិយោគ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ ។ ហើយរាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណភាពនៅក្នុងទីក្រុង និងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលត្រូវបាន កំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានសម្រេចផងដែរនូវសមិទ្ធផលច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង និរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈនៅកម្ពុជា ។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវអនុវត្ត ការសាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមានតម្លៃកិច្ចសន្យាសរុបប្រមាណជាង ៩០លានដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧។

 

គម្រោងនេះ ត្រូវបែងចែកជា២ ផ្នែករួមមាន៖ ១). ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ រួមមានការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ចំនួន ១២ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់គ្រប់ប្រភេទ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ០៦សង្កាត់ រួមមានសង្កាត់កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤ហិកតា ក្នុងក្រុងតាខ្មៅ។ ២). ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ០២កន្លែង ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅ។

ក្រោយពីបញ្ចប់ការសាងសង់ សមិទ្ធផលទាំងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ០៦ សង្កាត់នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ ជាងនេះទៀត គម្រោងនេះក៏នឹងជួយជំរុញការវិនិយោគសកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងនូវទំនាក់ទំនងជាបន្តបន្ទាប់ ពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានខិតខំពង្រឹង និងពង្រីកកិច្ចទំនាក់ទំនងនៃប្រទេសទាំងពីររហូតឈានដល់ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលបាន និងកំពុងនាំមកនូវការអភិវឌ្ឍរីកចម្រើនថ្មីៗជាច្រើនបន្ថែមទៀតដល់កម្ពុជា៕

      

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២