ភ្នំពេញ៖ ស្ត្រីមួយក្រុមបានប្រមូលផ្ដុំគ្នាបង្កើតក្រុមបាល់ទាត់មួយឡើងដោយមានឈ្មោះថា Top Lady ដែលសមាជិកក្រុមទាំងនោះមានដូចជា អតីតកីឡាការិនី អាជ្ញាកណ្ដាល គ្រូពេទ្យ គ្រូបង្វឹក ស្ត្រីដែលពាក់ព័ន្ធក្នុងវិស័យកីឡាពីអតីតកាល និងក្នុងពេលបច្ចុប្បន្ន។ ហេតុតែស្រឡាញ់បាល់ទាត់ពេកពួកគេបានមូលមតិគ្នាបង្កើតក្រុមនេះឡើងក្នុងគោលបំណងលេងបាល់ទាត់ដើម្បីសុខភាព មិត្តភាព និងរក្សាភាពជិតស្និទ្ធ នៅជាមួយបាល់ទាត់ ក្នុងនាមជាស្ត្រីនៅក្នុងវិស័យកីឡា។


នេះជារឿងមួយដែលគួរឲ្យស្ញើចសរសើរយ៉ាងខ្លាំងសម្រាប់ក្រុមបាល់ទាត់នារីមួយនេះ ដ្បិតតែអ្នកខ្លះ មិនមែនជាកីឡាការិនីអាជីព ត្រឹមតែជាអ្នកធ្វើការក្នុងវិស័យកីឡាបាល់ទាត់ ប៉ុន្តែនៅតែរក្សាបាននូវការចូលរួមហ្វឹកកាត់ ប្រមូលផ្ដុំបង្កើតការប្រកួតពានរង្វាន់ផ្សេងៗ ការប្រកួតមិត្តភាពជារៀងរាល់សប្តាហ៍ មិនចាញ់ក្រុមបាល់ទាត់បុរសប៉ុន្មាននោះទេ ។


តាមរយៈអាជ្ញាកណ្ដាលឆ្នើមនៅក្នុងវិស័យបាល់ទាត់មួយរូប ភ្លុង ពេជ្រអក្ខរា ក្នុងនាមជាសមាជិកនៅក្នុងក្រុមបានឲ្យដឹងថា ដំបូងឡើយរូបគាត់គិតថាមិនអាចបង្កើតក្រុមបាល់ទាត់នារីមួយនេះឡើងបានទេ ដោយសារតែមមាញឹកជាមួយការងាររៀងៗខ្លួន ប៉ុន្តែដោយបានមូលមតិជាមួយមិត្តរួមក្រុមចាស់ៗដែលធ្លាប់ជាអតីតកីឡាការិនីជម្រើសជាតិពីមុនមក ព្រមជាមួយនឹងការស្រឡាញ់វិស័យមួយនេះដូចគ្នាផងនោះ ទើបបង្កើតក្រុមនេះឡើងដើម្បីលេងកម្សាន្តនៅពេលទំនេរពីការងារ ចុងសប្តាហ៍ដើម្បីសុខភាព និងបានរិតចំណងមិត្តភាពជាមួយគ្នាបន្ថែមទៀត។


បច្ចុប្បន្នអាជ្ញាកណ្តាលរូបនេះ បានឲ្យដឹងថា ក្រុមរបស់ខ្លួនក៏បើកទទួលសមាជិកនារីថ្មី ដែលស្រឡាញ់វិស័យទាត់បាល់បន្ថែមដើម្បីចូលរួមជួយក្រុមនៅពេលលេងមិត្តភាពថ្ងៃបន្តបន្ទាប់ផ្លាស់ប្ដូរជាមួយសមាជិកថ្មីដែលមានរវល់ជាមួយការងារផ្ទាល់ខ្លួន ពិសេសក្រុមក៏ត្រូវការអ្នកឧបត្ថម្ភសម្រាប់សប្បុរសជនដែលចង់ចូលរួមជួយជាសម្ភារៈ ថវិការផ្គត់ផ្គង់ក្រុមខ្លះ រាល់ពេលដែលក្រុមចូលរួមលេងពានរង្វាន់ផ្សេងៗ ។


ចក្ខុវិស័យបន្តរបស់ក្រុមTop Ladyមួយនេះ ក៏នៅតែបន្តពង្រឹងក្រុម ព្រោះអាចនឹងចូលរួមប្រកួតពានរង្វាន់បាល់ទាត់នារីក្នុងស្រុកផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់នារីនៅក្នុងស្រុកផងដែរ។ដោយសារតែបច្ចុប្បន្នខ្លួនមើលឃើញថា បាល់ទាត់នារីក្នុងស្រុកនៅមានកម្រិត និងកំពុងតែរីកចម្រើនបន្តិចម្ដងៗ ក្នុងនាមជាក្រុមបាល់ទាត់នារីមួយក្រុមដែរនឹងចូលរួមផ្សព្វផ្សាយបន្ថែមទៀត ៕







ដោយ៖ វិកគី