មានការ​ផ្ទុះ​ឆេះ​យ៉ាងសន្ធោរសន្ធៅ ​នៅ​ទីក្រុងកំពង់ផែ Port Sudan របស់ប្រទេស​ស៊ូដង់ ជាស្នាដៃរបស់ក្រុម RSF

មានការផ្ទុះជាច្រើនកន្លែងត្រូវបានគេឮ និងភ្លើងឆេះ ផ្សែងខ្មួរខ្មាញ់ដ៏ធំមួយដែលគេបានឃើញនៅក្នុងទីក្រុង Port Sudan ដោយសារតែសង្រ្គាមស៊ីវិលរបស់ប្រទេសស៊ូដង់បានធ្វើឱ្យទីក្រុងដែលស្ងប់ស្ងាត់បានកក្រើកឡើងវិញរយៈពេល៣ថ្ងៃជាប់គ្នា។ ផ្សែងខ្មៅងងឹតអាចត្រូវបានគេមើលឃើញថាបានផុសចេញពីតំបន់ជុំវិញកំពង់ផែសមុទ្រដ៏សំខាន់របស់ប្រទេសក្នុងទីក្រុងនេះ ដែលជាកន្លែងដែលមនុស្សរាប់សែននាក់ត្រូវបានផ្លាស់ទីលំនៅ ស្វែងរកកន្លែងមានសុវត្ថិភាព។


Hiba Morgan របស់ Al Jazeera រាយការណ៍ពីរដ្ឋធានី Khartoum នៃប្រទេសស៊ូដង់ថា អ្នកស្រុកនៅក្នុងទីក្រុងកំពង់ផែបានរាយការណ៍ថា កងកម្លាំងជំនួយបន្ទាន់ប៉ារ៉ាយោធា (RSF) បានវាយប្រហារឃ្លាំងផ្ទុកប្រេងឥន្ធនៈ និងគោលដៅផ្សេងទៀត។ លោក Morgan បាននិយាយថា “យោងទៅតាមអ្នកស្រុក ពួកគេជឿថា វាគឺជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដោយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ជាថ្មីម្តងទៀត។ ពួកគេបានកំណត់គោលដៅឃ្លាំងផ្ទុកប្រេងឥន្ធនៈនៅក្នុងទីក្រុង ប៉ុន្តែក៏នៅជុំវិញកំពង់ផែ និងមូលដ្ឋានទ័ពអាកាសផងដែរ” ។


កាលពីថ្ងៃអាទិត្យ មូលដ្ឋានយោធាមួយនៅក្នុងទីក្រុង ក្បែរអាកាសយានដ្ឋានអន្តរជាតិដែលមានមុខងារតែមួយគត់របស់ប្រទេស ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក គោលដៅបន្ទាប់កាលពីថ្ងៃចន្ទគឺឃ្លាំងផ្ទុកប្រេងឥន្ធនៈក្នុងទីក្រុងត្រូវបានវាយប្រហារ។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីប្រភពយោធាបាននិយាយថា កងទ័ពបានបំផ្លាញយន្តហោះ និងឃ្លាំងអាវុធនៅក្នុងអាកាសយានដ្ឋាន Nyala ដែលគ្រប់គ្រងដោយ RSF ។ RSF មិនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។


សង្គ្រាមរវាងកងទ័ព និង RSF បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ 2023 ដែលបង្កឡើងដោយជម្លោះជុំវិញការផ្លាស់ប្តូរទៅជារដ្ឋាភិបាលស៊ីវិល។ ជម្លោះនេះបានធ្វើឱ្យមនុស្សជាង 12 លាននាក់ផ្លាស់ទីលំនៅនៅក្នុងប្រទេសស៊ូដង់ និងបានរុញច្រានប្រជាជនពាក់កណ្តាលឱ្យមានភាពអត់ឃ្លានធ្ងន់ធ្ងរ។ នេះបើយោងតាមអង្គការសហប្រជាជាតិ៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២