ភ្នំពេញ ៖ បុរសម្នាក់មានវិបត្តិផ្លូវចិត្តបានជិះម៉ូតូម៉ាកហុងដា pcx ទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាទាំងកណ្ដាលយប់ហើយសំណាងល្អត្រូវបានកម្លាំងនគរបាលអង្គភាពការពារគោលដៅទី៣សហការជាមួយបងប្អូនជនជាតិអ៊ីស្លាមចេញទូកទៅជួយស្រង់សង្គ្រោះបានទាន់ពេលវេលា។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចលើស្ពានជ្រោយចង្វា ប៉ែកខាងលិចក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលគិតខ្លីរូបនោះមានឈ្មោះ យ៉េត សុខរស់ អាយុ២៤ឆ្នាំមានទីលំនៅ ភូមិ កេងស្រែ ឃុំ ល្វា ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរូបនោះបានជិះម៉ូតូម៉ាក pcx ពាក់ស្លាកលេខភ្នំពេញ១IF០១៤៩មួយគ្រឿងធ្វើដំណើរឡើងស្ពានជ្រោយចង្វា ក្នុងទិសដៅពីរលិចទៅកើត។នៅពេលធ្វើដំណើរជិតដល់ពាក់កណ្ដាលស្ពានក៏បានឈប់ និងអង្គុយផឹកស្រាបៀរជិតអស់មួយដប រួចក៍ទុកទូរស័ព្ទកាបូប និងស្បែកជើងរួចក៏លោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនតែម្ដង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើស្ពាន។

បន្ទាប់ពីទទួលបានព័ត៌មានថា មានមនុស្សលោតទឹកសម្លាប់ខ្លួនកម្លាំងនគរបាលអង្គភាពការពារគោលដៅទី៣ ដែលប្រចាំការការពារស្ពានជ្រោយចង្វាបានសហការជាមួយប្រជានេសាទជនជាតិខ្មែរអ៊ិស្លាម ចេញទូកទៅជួយស្រង់សង្គ្រោះបានទាន់ពេលវេលា។ដោយសារតែជនរងគ្រោះមាឌធំបន្ទាប់ពីស្រង់បានសន្លប់ដេកស្ដូកស្តឹង ហើយត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តសាម៉ុយ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាម៕

ដោយ៖ វិសាល