ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC)បានឱ្យដឹងថា ចន្លោះពីដើមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍ ១៩៧០ កម្ពុជារងការទម្លាក់គ្រាប់បែកចង្កោមជិត៣០ លានគ្រាប់ (កូនគ្រាប់បែក) ដែលវាយប្រហារលើទីតាំងជាង១ម៉ឺនទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស។


នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៥នេះ លោក ហេង រតនា បានបង្ហោះរូបភាពសំណល់យុទ្ធភណ្ឌសង្រ្គាមប្រមាណជាង៣០សន្លឹក អមជាមួយសាររៀបរាប់ថា សាក្សី និងភស្តុតាងសង្គ្រាម គ្រាប់បែកចង្កោមជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ជាប្រភេទគ្រាប់កាំភ្លើងធំ ដែលផ្ទុកគ្រាប់បែក ឬគ្រាប់មីនយ៉ាងច្រើន។


អាជ្ញាធរមីនធ្លាប់បានឱ្យដឹងនៅលើបណ្ដាញទំនាក់ទំនងសង្គមខ្លួនថា រយៈពេល៤ខែដើមឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា ដល់ខែមេសា ករណីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន១១លើក ខណៈប្រជាពលរដ្ឋចំនួន១៦នាក់រងរបួស ពិការ និងស្លាប់។

ដោយឡែកឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ធ្លាប់បានមានប្រសាសន៍ឱ្យដឹងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងលើកិច្ចពិភាក្សាអំពីទិដ្ឋភាពរួមសកម្មភាពមីន កាលពីខែមីនាកន្លងទៅថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជានៅសល់ផ្ទៃដីមានគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបចំនួន ១៦៩៧គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីមានមីន គឺមានចំនួន ៤៦៩គីឡូម៉ែត្រការ៉េ គ្រាប់បែកចង្កោមមាន ៦៨១គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្រ្គាមមាន ៥៤៧គីឡូម៉ែត្រការ៉េ៕

ដោយ៖ វិសាល