មកលម្អិត៖ គ្រោះអគ្គិភ័យនៅខេត្តព្រះសីហនុយប់ម៉ិញ ដែលបានបណ្តាលឱ្យមនុស្ស​ស្លាប់​ចំនួន​៣នាក់ និងបំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់អស់ជាង៥ម៉ឺនដុល្លារ

ករណីអគ្គិភ័យឆេះរថយន្តដឹកប្រេងចំនួ​០១គ្រឿង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅចំណុច​ ភូមិ​ ព្រែកប្រស់ ឃុំ​ ទឹកថ្លា ស្រុក​ ព្រៃនប់​ ខេត្ត​ ព្រះសីហនុ បណ្តាលឱ្យមនុស្ស​ប្រុស​ស្រី​ចំនួន​៣នាក់​បាន​ស្លាប់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​ឆាប​ឆេះ​ដ៏សន្ធោរសន្ធៅនោះ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី០៧ ខែឧសភា​ ឆ្នាំ២០២៥។

គ្រោះអគ្គិភ័យនេះបានឆេះបំផ្លាញរថយន្តដឹកប្រេងចំនួន១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ​ 4A-2820​ ឆេះក្បាលរថយន្ត​ (អស់ទាំងស្រុង)​ និងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង​ (អស់ទាំងស្រុង)និងម៉ូតូចំនួន៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់អស់ចំនួន​ ៥០.០០០​ម៉ឺនដុល្លារ​ ព្រមទាំងបណ្ដាលឱ្យស្លាប់មនុស្សចំនួន៣នាក់។

ម្ចាស់ផ្ទះរងគ្រោះរួមមាន៖

-​ ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទ​ ស្រី អាយុ​ ៤៩​ ឆ្នាំ មុខរបរ កម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង០៤ម៉ែត្រ និងបណ្ដោយ០៦ម៉ែត្រ​ (អស់ទាំងស្រុង)។

 

-​ ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទ​ ប្រុស អាយុ​ ៤០​ ឆ្នាំ​ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ​ បាត ស្រីមុំ ភេទ​ ស្រី អាយុ​ ៣៥​ ឆ្នាំ មុខរបរ លក់ដូរ​ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង០៧ម៉ែត្រ និងបណ្ដោយ១៥ម៉ែត្រ​ (ឆេះផ្ទះអស់ទាំងស្រុង)​និងបណ្ដាលឱ្យឆេះគ្រោះថ្នាក់ដល់កូនស្លាប់ចំនួន៣នាក់គឺ

១.​ ឈ្មោះ​ យ៉ារី សុខសិលា ភេទ​ ប្រុស​ អាយុ​ ១៨​ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)​ ។

២.​ ឈ្មោះ​ ភក្ដី រីតា ភេទ​ ស្រី អាយុ​ ១៥​ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)​ ។

៣.​ ឈ្មោះ​ ភក្ដី សំមេន ភេទ​ ប្រុស​ អាយុ​ ១៣​ ឆ្នាំ​ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ​ បាត ស្រីមុំ អាយុ​ ៣៥​ ឆ្នាំ​ (រងរបួសស្រាល)​ ។

មូលហេតុដែលនាំឱ្យមានគ្រោះអគ្គិភ័យនេះ បើតាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlESបានបង្ហូរសាំងលក់ឱ្យទៅម្ចាស់ផ្ទះខាងលើ រួចគាត់បានបង្ហូរសាំងបានចំនួន២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុង ពេលនោះដែរម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង។

ករណីអគ្គិភ័យខាងលើ​កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ចំនួន២គ្រឿង​ បានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត​ ស្មើនឹង០១២ម៉ែត្រគូប។រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន២គ្រឿង​ បានប្រើប្រាស់ទឹកអស់២រថយន្ត​ ស្មើនឹង៨ម៉ែត្រគូប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២