បន្ទាប់ពីប្រទេសឥណ្ឌាបើកការវាយប្រហារ ដោយបាញ់មីស៊ីលទៅលើប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី 7 ខែឧសភា ឆ្នាំ២០២៥នេះ មន្ត្រីយោធាប៉ាគីស្ថានបានចេញមកអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន 5 គ្រឿង ដើម្បីជាការសងសឹកចំពោះការវាយប្រហារដោយកាំជ្រួចដែលបាញ់ដោយឥណ្ឌា ដែលទាក់ទាញការយកចិត្តទុកដាក់ជាថ្មីចំពោះតុល្យភាពយោធារវាងរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរនេះ។


យោងតាមប្រភពយោធាប៉ាគីស្ថានបានឱ្យដឹងថា យន្តហោះដែលត្រូវបានអះអាងថា បានបាញ់ធ្លាក់នោះរួមមានយន្តហោះ Rafale ដែលផលិតដោយបារាំងចំនួន 3 គ្រឿង, Su-30MKI មួយគ្រឿង និង MiG-29 មួយគ្រឿង។ ប្រទេសឥណ្ឌាបានបដិសេធការអះអាងនេះ ដោយចាត់ទុកថា ជាការឃោសនាគ្មានមូលដ្ឋាន និងអះអាងថា គ្មានយន្តហោះណាមួយរបស់ខ្លួនត្រូវបានបាត់បង់នៅក្នុងប្រតិបត្តិការនោះទេ។


យោងតាមទិន្នន័យពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ឥណ្ឌារក្សាបាននូវកម្លាំងទ័ពសរុបចំនួន 1.4 លាននាក់ក្នុងនោះមានទាហានថ្មើរជើងចំនួន 1.23 លាននាក់, កងនាវាចរចំនួន 750.000 នាក់, ទ័ពអាកាសចំនួន 140.000 នាក់ និងឆ្មាំឆ្នេរសមុទ្រចំនួន 13.000 នាក់។ ផ្ទុយទៅវិញ ប៉ាគីស្ថានមានកងទ័ពសរុបប្រមាណជា 700.000 នាក់ ដោយមានកងទ័ពថ្មើរជើងចំនួន560.000 នាក់, ទ័ពអាកាសចំនួន 70.000 នាក់ និងកងទ័ពជើងទឹក ចំនួន30.000 នាក់ ។


កងទ័ពអាកាសឥណ្ឌាមានយន្តហោះប្រយុទ្ធប្រហែល 730 គ្រឿង ហើយប៉ាគីស្ថានមានយន្តហោះប្រយុទ្ធចំនួន450គ្រឿង។ ក្នុងចំណោមយន្តហោះទំនើបរបស់ប្រទេសឥណ្ឌាគឺ យន្តហោះប្រភេទ Rafale ដែលជាយន្តហោះចម្បាំងជំនាន់ទី 4.5 ដែលបង្កើតឡើងដោយប្រទេសបារាំង។ ឥណ្ឌាតាមសេចក្តីរាយការណ៍ថា បានទិញយន្តហោះ Rafales ចំនួន ៣៦ គ្រឿងពីប្រទេសបារាំង សម្រាប់កម្លាំងទ័ពអាកាស ខណៈយន្តហោះ MiG-21 របស់ខ្លួននៅតែមានសកម្មភាពលេចធ្លោនៅលើសមរភូមិ។

សូមបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១៧២ក្បាលគ្រាប់ ហើយប្រទេសប៉ាគីស្ថានមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១៧០ក្បាលគ្រាប់ ដែលកម្លាំងយោធានៃប្រទេសទាំងពីមានភាពខុសគ្នាខ្លាំង៕

ប្រភព៖ World News
ប្រែសម្រួលដោយ៖ វាសនា