ជើងហោះហើរស៊ីវិលសរុបចំនួន 57 មកពីប្រទេសផ្សេងៗត្រូវបានគេរាយការណ៍ថា មានហានិភ័យយ៉ាងធ្ងន់ធ្ងរនៅពេលកំពុងហោះហើរពីលើដែនអាកាសប៉ាគីស្ថាន នៅអំឡុងពេលប្រតិបត្តិការវាយប្រហារ ដោយមីស៊ីលរបស់ឥណ្ឌា។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ៍ឯក Ahmad Sharif Chaudhry អ្នកនាំពាក្យយោធាប៉ាគីស្ថាន។ គាត់បាននិយាយថា នៅចន្លោះយប់ថ្ងៃទី 6 ដល់ថ្ងៃទី 7 ខែឧសភា ខណៈពេលដែលប្រទេសឥណ្ឌាកំពុងធ្វើការវាយប្រហារមកលើប្រទេសប៉ាគីស្ថាននោះ ជើងហោះហើរក្នុងស្រុក និងអន្តរជាតិចំនួន 57 ត្រូវបានហោះហើរ” ដោយលោកបានបន្ថែមថា អ្នកដំណើររាប់ពាន់នាក់មានការភ័យខ្លាច ពីហានិភ័យនៃជីវិតរបស់ពួកគេ ពេលកំពុងហោះហើរនៅលើដែនអាកាសក្នុងប្រទេសប៉ាគីស្ថាន ។


យន្តហោះមកពីប្រទេសអារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម ថៃ និងចិន ស្ថិតក្នុងចំណោមយន្តហោះដែលត្រូវបានគេរាយការណ៍ថា ធ្វើដំណើរឆ្លងកាត់លើដែនអាកាសប៉ាគីស្ថាននៅខណៈពេលឥណ្ឌាបាញ់គ្រាប់មីស៊ីល។ លោក Chaudhry បានថ្កោលទោសសកម្មភាពរបស់ឥណ្ឌាដោយនិយាយថា “មិនថានៅក្នុងសង្គ្រាម ឬស្ថានភាពផ្សេងទៀត ខ្ញុំមិនដែលនឹកស្មានថាមានរឿងបែបនេះអាចកើតឡើងនោះទេ។ អ្នកដំណើរជនស៊ីវិលស្លូតត្រង់ត្រូវប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ”។ នៅពេលដែលជម្លោះឥណ្ឌា-ប៉ាគីស្ថានកាន់តែតានតឹង ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មជាច្រើនបានចាប់ផ្តើមលុបចោលជើងហោះហើរទៅ និងមកប៉ាគីស្ថាន ឬផ្លាស់ប្តូរផ្លូវហោះហើរដើម្បីចៀសវាងដែនអាកាសរបស់ខ្លួន ដោយសារតែការកើនឡើងនៃការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ។
ថ្មីៗនេះ ប្រទេសឥណ្ឌាបានចាប់ផ្តើម “ប្រតិបត្តិការ Sindhur” ដោយផ្តោតលើទីតាំងចំនួន 9 រួមទាំងតំបន់នៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ដោយបើកការវាយប្រហារដោយមីស៊ីល ជាការសងសឹកចំពោះការវាយប្រហារភេរវកម្មកាលពីខែមុននៅក្នុងតំបន់ Kashmir ។ ជាការឆ្លើយតប ប៉ាគីស្ថានបានអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួនប្រាំគ្រឿង ដោយបានគូសបញ្ជាក់ពីការកើនឡើងយ៉ាងធ្ងន់ធ្ងររវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ។


អ្នកវិភាគព្រមានថា ជម្លោះរវាងប្រទេសទាំងពីរអាចធ្វើឲ្យមានអស្ថិរភាពនៅក្នុងតំបន់អាស៊ីខាងត្បូងដ៏ធំទូលាយមួយនេះ ជាពិសេសប្រសិនបើសន្តិសុខដែនអាកាស និងកម្រិតយោធានៅតែបន្ត។
វត្តមានរបស់យន្តហោះស៊ីវិល នៅអំឡុងពេលប្រតិបត្តិការបាញ់កាំជ្រួចសកម្ម គឺជារឿងដ៏គ្រោះថ្នាក់បំផុត ដែលទាមទារឱ្យមានការជូនដំណឹងជាមុនក្នុងចំណោមសហគមន៍អាកាសចរណ៍អន្តរជាតិ និងការទូត៕




ប្រភព៖ World News
ប្រែសម្រួលដោយ៖ វាសនា