ចូល KTV៥នាក់ ផឹកស៊ីអស់ជាង១០០ដុល្លារ ដល់ពេលសប្បាយចប់គិតលុយរត់បាត់អស់៣នាក់ ផ្អើលអស់នារីៗក្នុងហាង និងសមត្ថកិច្ចចុះទៅសម្របសម្រួល

ភ្នំពេញ ៖ បុរស៥នាក់បានចូល KTV មួយកន្លែងនៅតាមបណ្ដោយផ្លូវ ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយផឹកស៊ីអស់១៣៥ដុល្លារ ដល់ពេលគិតលុយបែរជាមានបុរសបីនាក់បានរត់ចោលគ្នានៅសល់បុរសពីរនាក់គ្មានលុយឲ្យគេត្រូវបានម្ចាស់ហាងឃាត់ទុក មិនឲ្យចេញទៅណា រួចសុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍។ហេតុការណ៍នេះបង្កឲ្យ ភ្ញាក់ផ្អើលឡើងកាលម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។

នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ លោក តុន តូនី បានប្រាប់ឲ្យដឹងថា រឿងហេតុកើតឡើងនេះគឺ មានបុរស៥នាក់បានចូលផឹកស៊ីក្នុងKTV យីហោKTV 7777 ដល់ពេលគិតលុយស្រាប់តែមានបុរស៣នាក់ រត់បាត់ នៅសល់បុរសពីរនាក់នៅក្នុងKTV និងមិនមានលុយគ្រប់គ្រាន់ឲ្យម្ចាស់ហាង ទើបម្ចាស់ហាងឃាត់បុរសទាំងពីរទុក និងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ បន្ទាប់មក លោកនាយប៉ុស្ដិ៍ក៏ទទួលបានព័ត៌មានខាងលើក៏ចាត់កម្លាំងក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ចុះទៅជួយអន្តរាគមន៍សម្របសម្រួល ដល់ភាគីទាំងសងខាង ។

ដោយមានការសម្របសម្រួលពីសមត្ថកិច្ចមូលដ្ឋាន ភាគីបុរសពីរនាក់ដែលត្រូវម្ចាស់KTV 7777 ឃាត់ទុកខាងលើនោះ បានសុំឲ្យ30ម៉ឺនរៀលឲ្យទៅម្ចាស់ហាងKTV ហើយភាគីម្ចាងហាងKTVក៏យល់ព្រមទទួល ដើម្បីបញ្ចប់រឿង តែម្ដង ៕

ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២