ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗចំណែកឯ២នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុកចំពីមុខរថយន្តបើកបរទិសដៅបញ្រ្ចាស់គ្នាយ៉ាងពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង១១ និង៣៥នាទីយប់ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងថា សពរងគ្រោះឈ្មោះ ណាប់ ចំរើន នៅក្នុងប័ណ្ណ ចាក់ វ៉ាក់សាំង ដោយមិនទាន់មានអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួននៅឡើយ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BL-5920 បើកបរដោយបុរសជនបរទេសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃសក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យមលុះមកដល់ចំណុចខាងលើស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់២០២០ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1Q-5671 ជិះដោយយុវជន៣នាក់ឌុបគ្នាធ្វើដំណើរបញ្រ្ចាសទិសដៅគ្នាពីជើងមកត្បូងក្នុងល្បឿនលឿនដោយខ្វះការប្រយ័ត្នក៏ជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទៀតអូសទៅមុខជាច្រើនម៉ែត្រ ធ្វើឲ្យយុវជនម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗចំណែកឯយុវជន២នាក់ទៀតរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវពលរដ្ឋនាំគ្នាលេីកដាក់លើម៉ូតូកង់បីឥណ្ឌាដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលសង្កាត់ព្រៃសសួរនាំបន្ត។


បន្ទាប់ពីកើតហេតុខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមក វាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពរងគ្រោះត្រូវសមត្ថកិច្ចផ្នែកជំនាញហៅរថយន្តសាមុយដឹកយកទៅដង្កល់នៅវត្តសំបូរមារងចាំប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



ដោយ ៖វិសាល