ភ្នំពេញ៖ គ្រាន់តែប្រកួតចប់បានពានរង្វាន់ភ្លាម ម្ចាស់ពាន Dragon Kun Khmer វ័យក្មេងរីគី អេមអាគមន៍ លាន់មាត់សរសើរដោយក្តីរំភើបនឹងពេញចិត្ត ចំពោះសមិទ្ធផលដែលខ្លួនធ្វើបាន។កីឡាករវ័យក្មេងរូបនេះបានឲ្យដឹងថា ទម្រាំបានពានរង្វាន់ដ៏ស្រស់ស្អាតមួយនេះជារឿងលំបាកសម្រាប់គេ។ ការប្រកួតទាំងពីរជុំសុទ្ធតែស្វិតស្វាញ ព្រោះមិនដែលបានប៉ះគ្នាទាំងអស់ ដូច្នេះពិបាកចាប់ក្បាច់ដៃគូប្រកួតណាស់ ។


អេមអាគមន៍ បានបន្ថែមថា ការប្រកួតជុំទីមួយ ដែលខ្លួនប៉ះជាមួយរៀប វណ្ណដា ជាជុំដែលតានតឹង ពីព្រោះគូប្រកួតកម្លាំងពេញពិបាកចូលបុក ។ប៉ុន្តែជុំទី 2 ប៉ះដៃគូសុភាព សុភក្រ គេធ្វើបានល្អ ព្រោះមើលឃើញពីចំណុចខ្សោយដៃគូ ដូច្នេះដឹងថា គេខ្សោយពោះទឹក ទើបសម្រុកផ្ដាច់យកតែម្ដង រហូតទទួលបានជ័យជំនះនៅក្នុងទឹកទី 2 គ្រងបានពានរង្វាន់Dragon Kun Khmer ដែលនេះក៏ជាលើកទីមួយរបស់រូបគេដែរបានឡើងសង្វៀនដ៏មានប្រជាប្រិយភាពមួយនេះ របស់ស្ថានីយទូរទស្សន៍ថោន ។


គួរជម្រាបផងដែរថា ក្រោយពេលទទួលបានពានរង្វាន់ កីឡាកររីគី អេមអាគមន៍ ក៏ទទួលបានប្រាក់រង្វាន់ជើងឯក៦លានរៀល ពីកម្មវិធី ចំណែកឯកីឡាករជើងឯករងសុភាព សុភក្ត ទទួលបាន៤លានរៀល៕



ដោយ៖ វិកគី