នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញអញ្ជើញចូលរួមជាអធិបតីជាមួយឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាង អ.ដ.ក និងរដ្ឋបាលរាជធានីភ្នំពេញ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ។



ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា តាមរយៈអនុស្សារណៈយោគយល់គ្នានេះ នឹងចូលរួមចំណែកដោះស្រាយបញ្ចប់វិវាទនៅមូលដ្ឋានបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋចំណេញពេលវេលាក្នុងការតតាំងវិវាទនៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងធានាបាននូវសុខដុមនីយកម្មក្នុងសហគមន៍ផងដែរ៕









