ទៀបភ្លឺព្រឹកម៉ិញនេះ រថយន្តបើកបុ.កម៉ូតូពេញទំហឹងបណ្តាលឲ្យស្លាប់៣នាក់ នៅនឹងកន្លែង

ភ្នំពេញ៖​ មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសាររថយន្តបើកបុកម៉ូតូពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ ទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០០៣កែងនឹងផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា អ្នកស្លាប់មានជនជាតិខ្មែរម្នាក់ និងជនជាតិចិន២នាក់ទាំងអស់៣នាក់។ ប្រភពបានបន្តឲ្យដឹងទៀតថា បុរសជនជាតិខ្មែរ និងជនជាតិចិនទាំង៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីអ្នកទាំង៣បានជិះម៉ូតូ zoomer x មួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម 1R-3423 ឌុបគ្នាចេញពីក្លឹបមួយកន្លែងលុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តស៊េរីទំនើបម៉ាកអាល់ផាដ ពាក់ស្លាកលេខ កម្ពុជា H.C SELA  បើកបរដោយបុរសជនជាតិចិនបុកប៉ើងជិត១០០ម៉ែត្រ។

បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

     

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២