នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ បើកឱ្យដំណើរជាផ្លូវការ “រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក” នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលរោងចក្រនេះមានសមត្ថភាពផលិតកម្មស៊ីម៉ងត៍បានចំនួន ២,២លានតោនក្នុងមួយឆ្នាំ និងបង្កើតការងារជូនប្រជាពលរដ្ឋធ្វើទាំផ្ទាល់ និងប្រយោលចំនួនជាង១០០០កន្លែង ។


សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍នៅកម្ពុជានេះ ជាការឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃការកសាងសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលពីមុនយើងតែងតែពឹងផ្អែកលើការនាំចូលស៊ីម៉ងតិ៍ពីក្រៅប្រទេស ។ បើគិតត្រឹមឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦រោងចក្រ ដែលអាចផលិតស៊ីម៉ងត៍បានជាង ១១លានតោនក្នុងមួយឆ្នាំៗ៕





















