នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានក្រុមការងារអន្តរក្រសួងត្រី-វិស័យ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីលើកទី៤ ស្តីពីការងារសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រតិភូក្រុមការងារអន្ដរក្រសួង លេខាធិការដ្ឋាននិងមន្ដ្រីជំនាញនៃក្រសួងទាំងបីផងដែរ។


សូមជម្រាបជូនផងដែរថា កិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីលើកទី៤ ពេលនេះគឺដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ការឯកភាពលើ៖ទី១)របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងាររបស់ក្រុមការងារត្រី-វិស័យបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី៣ ទី២)សេចក្តីព្រាងផែនការសកម្មភាពបីឆ្នាំរំកិល២០២៥-២០២៧ និងទី៣)ការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រត្រី-វិស័យរយៈពេល៥ឆ្នាំ២០២៦-២០៣០។


សូមបញ្ជាក់ផងដែរថា ក្រុមការងារអន្តរក្រសួងត្រី-វិស័យ កសិកម្ម ទឹក ជនបទ បានបង្កើតឡើងដើម្បីជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍ជនបទ លើកស្ទួយកំណើនសេដ្ឋកិច្ច ចូលរួមចំណែកអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការសម្របសម្រួលឱ្យមានភាពបន្ស៊ីគ្នារវាងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ៕






