តន្ត្រីករម៉ិកស៊ិក៥នាក់ត្រូវបានចាប់ពង្រត់ និងស.ម្លា.ប់ដែលជាស្នាដៃរបស់ក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសនេះ

សមាជិកក្រុមជួញដូរគ្រឿងញៀនត្រូវបានគេសង្ស័យថាបានសម្លាប់សមាជិកក្រុមតន្រ្តីម៉ិកស៊ិកចំនួន៥នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីត្រូវបានគេជួលឱ្យទៅប្រគុំតន្ត្រីនៅទីក្រុងឧក្រិដ្ឋកម្មមួយនៅភាគឦសាននៃប្រទេស។ បើតាមសារព័ត៌មាន Diario de Mexico បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា សាកសពរបស់តន្ត្រីករទាំង៥នាក់ត្រូវបានគេរកឃើញ បន្ទាប់ពីពួកគេបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ហើយជនសង្ស័យចំនួន 9 នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចាប់ពង្រត់ និងសម្លាប់ពួកគេ។

យោងតាមអាជ្ញាធរបានឱ្យដឹងថា ជនសង្ស័យទាំង៩នាក់ គឺជាផ្នែកមួយនៃក្រុម “Los Metros” និងក្រុម Gulf Cartel ដែលប្រតិបត្តិការនៅក្នុងទីក្រុង Reynosa ក្នុងរដ្ឋ Tamaulipas ជិតព្រំដែនសហរដ្ឋអាមេរិក។

 

អគ្គមេធាវី Tamaulipas លោក Irving Barrios បានប្រាប់សន្និសីទសារព័ត៌មានមួយថា សមត្ថកិច្ចបានចាប់ខ្លួនបុគ្គលចំនួន 9 នាក់ ដែលសង្ស័យថា ជាអ្នកទទួលខុសត្រូវចំពោះព្រឹត្តិការណ៍នេះ។ ពួកគេត្រូវបានគេស្គាល់ថា ជាសមាជិកនៃក្រុមឧក្រិដ្ឋជននៃក្រុម Gulf Cartel ។

Tamaulipas ត្រូវបានចាត់ទុកថា ជារដ្ឋគ្រោះថ្នាក់បំផុតមួយរបស់ម៉ិកស៊ិក ដោយសារតែវត្តមានរបស់សមាជិកក្រុមជួញដូរគ្រឿងញៀន និងជនចំណាកស្រុក ក៏ដូចជាឧក្រិដ្ឋកម្មផ្សេងទៀត រួមទាំងការជំរិតទារប្រាក់ផងដែរ។

ការប្រកាសពីការចាប់ខ្លួននេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រុមមន្ត្រីបាននិយាយថា សាកសពជនរងគ្រោះចំនួន 5នាក់ត្រូវបានរកឃើញដែលជាសមាជិកនៃក្រុមតន្រ្តីក្នុងស្រុកមួយដែលមានឈ្មោះថា Fugitivo ។ ក្រុមតន្ត្រីករត្រូវបានគេជួលឱ្យទៅប្រគុំតន្ត្រីកាលពីថ្ងៃអាទិត្យ ប៉ុន្តែពេលទៅដល់ពួកគេបានដឹងថា ទីតាំងនៃការសម្តែងរបស់ពួកគេគឺជាកន្លែងស្ងាត់ និងទំនេរ នេះបើយោងតាមសមាជិកគ្រួសារដែលបានធ្វើការតវ៉ាដោយជំរុញឱ្យអាជ្ញាធរចាត់វិធានការ។ សាច់​ញាតិ​បាន​រាយការណ៍​ថា ​ពួកគេទទួល​បាន​ការ​គំរាមទាមទារ​ថ្លៃ​លោះ​សម្រាប់​តន្ត្រីករ​ដែល​មាន​អាយុ​ចន្លោះ​ពី ២០ ទៅ ៤០ ឆ្នាំ។

តន្ត្រីករម៉ិកស៊ិកត្រូវបានក្រុមសមាជិកក្រុម Cartel កំណត់ពីមុនមក ចំពេលមានការប្រជែងគ្នា ដោយសារអ្នកខ្លះទទួលបានប្រាក់កម្រៃដើម្បីនិពន្ធ និងសម្តែងបទចម្រៀងដែលលើកតម្កើងការកេងប្រវ័ញ្ចរបស់មេដឹកនាំក្រុមទំនើង។ លោក Barrios បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានប្រើប្រាស់វីដេអូតាមដាន និងការតាមដានតាមទូរស័ព្ទដៃ ដើម្បីស្វែងរកទីកន្លែងដែលបាត់ខ្លួនចុងក្រោយរបស់តន្ត្រីករ។

លោក​បន្ត​ថា អាវុធចំនួន​៩​ដើម និង​រថយន្ត​២​គ្រឿង ត្រូវ​បាន​រឹបអូស ពីក្រុមជួញដូរគ្រឿងញៀនទាំងនោះ។ មនុស្សជាង 480,000នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហឹង្សាទាក់ទងនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្មដែលបានរៀបចំ ហើយមនុស្សប្រហែល 120,000នាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងប្រទេសម៉ិកស៊ិក៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២