កក្រើកប្រទេសចិន! កីឡាករគុនខ្មែរ៥នាក់ ក្នុងចំណោម១០នាក់ចេញទៅប្រកួតនៅប្រទេសចិន បានឈ្នះពានយ៉ាងស្រស់ស្អាតជិះយន្តហោះមកកាន់ប្រទេសកម្ពុជាវិញ

ភ្នំពេញ៖​ កីឡាតែងតែមានឈ្នះ មានចាញ់ជារឿងធម្មតា ប៉ុន្តែអ្វីដែលមិនធម្មតាគឺមើលឃើញពីសមត្ថភាពរបស់កីឡាករគុនខ្មែរ ដោយកីឡាករថ្នាលយុវជនមួយចំនួន ដែលស្ថានីយ៍ទូរទស្សន៍ថោនបានផ្ដល់ឱកាសឲ្យចេញទៅប្រកួតនៅក្រៅប្រទេសដើម្បីដកស្រង់បទពិសោធន៍។

ដោយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ស្ថានីយ៍ទូរទស្សន៍ថោនរួមសហការជាមួយក្រុមហ៊ុន GANZBERG បាននាំកីឡាករគុនខ្មែរចំនួន១០រូប ចេញទៅប្រកួតជាមួយម្ចាស់ផ្ទះចិន ដោយលទ្ធផល កីឡាករគុនខ្មែរទទួលបានជ័យជំនះ ដណ្តើមបានពានជិះយន្តហោះមកកាន់មាតុប្រទេសចំនួន៥នាក់ និងបរាជ័យ៥នាក់ ។ ហើយកីឡាករគុនខ្មែរ ដែលទទួលបានជ័យជំនះចំនួន៥រូបរបស់កម្ពុជាឈ្នះពានរង្វាន់ដ៏ស្រស់ស្អាតពីម្ចាស់ផ្ទះចិនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនោះរួមមាន៖ កីឡាករគោរមៈ ចានរាជ,កីឡាករម៉ឺន មេឃា, កីឡាករសូត្រ វាសនាគុនខ្មែរ,កីឡាកររីកគីចៅម៉ែ  និងកីឡាករឡុង អាឆើត។

ទោះបីជាយ៉ាងណាក៏ដោយ លោកTommy Kim ទីប្រឹក្សាជាន់ខ្ពស់ប្រចាំស្ថានីយទូរទស្សន៍ថោន ជាប្រធានIPCC ប្រចាំប្រទេសកម្ពុជាបានបង្ហើបឲ្យដឹងថា ” លទ្ធផល៥ ទល់ ៥ មិនអាក្រក់ពេកទេ ព្រោះយើងទទួលបានផលចំណេញច្រើនខ្លាំងណាស់ ពីកម្មវិធីមួយនេះ ។

 

នៅលើសមរភូមិប្រកួត តែងតែមានឈ្នះ និងចាញ់ ជារឿងធម្មតា តែអ្វីដែលសំខាន់នោះ យើងបានធ្វើនូវរឿង២គឺទីមួយ បង្ហោះទង់ជាតិខ្មែរនិងភ្លេងជាតិខ្មែរ ទៅដល់ប្រទេសចិន និងប្រជាជនចិន បានឃើញ និងស្គាល់នៅលើទឹកដីរបស់គេ។

ទីពីរ ចាក់ស្ពតផ្សព្វផ្សាយប្រទេសកម្ពុជា និងតំបន់ទេសចរណ៍កម្ពុជាទៅដល់ជនជាតិគេបានស្គាល់ផងដែរ។ ហើយឆ្លៀតក្នុងឱកាសនោះ លោកTommy Kim ក៏បានអរគុណ GANZBERG ដែលបានជួយជ្រោមជ្រែងដល់កម្មវិធី  បើគ្មាន Sponsor គុណខ្មែរយើងមិនអាចដើរដល់ពិភពលោកបានទេ។

 

បន្ថែមពីនោះ លោកក៏បានអរគុណដល់ឧត្តមភរិយារបស់លោក ដែលតែងតែជួយធ្វើការសម្របសម្រួលជាមួយដៃគូចិន។ នេះបើតាមការរៀបរាប់ពីអារម្មណ៍ពិតរបស់ថ្នាក់ដឹកនាំគុនខ្មែរ ដ៏មានប្រជាប្រិយភាពរូបនេះ។

គួរជម្រាបផងដែរថា ចក្ខុវិស័យរបស់ស្ថានីយទូរទស្សន៍ថោន គឺនៅតែបន្តព្យាយាមទំនាក់ទំនងតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក ដើម្បីបន្តធ្វើការផ្សព្វផ្សាយគុនខ្មែរ ដើម្បីបើកឱកាសឲ្យកីឡាករជាច្រើនរូបទាំងក្មេង ទាំងចាស់បានបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ សម្រួចអាវុធ សម្រួចគោលដៅក្តីស្រមៃតែមួយ ថែរក្សាលើកស្ទួយសម្បត្តិវប្បធម៌ដែលដូនតាបានបន្សល់ទុកមកឲ្យយើងទាំងអស់គ្នាជាកូនខ្មែរជំនាន់ក្រោយថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយឲ្យកាន់តែល្បីរន្ទឺទៅកាន់ពិភពលោកថា ក្បាច់គុនបុរាណខ្មែរជារបស់ខ្មែរពិតៗ ៕

     

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២