សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗទៅនឹងសម្តីរបស់មេយោធភូមិភាគ២របស់ថៃ ដែលស្នើកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបីដែលជាទឹកដីរបស់កម្ពុជា

(ភ្នំពេញ)៖ នៅក្នុងពិធីសមាជព្រឹទ្ធសភា និងរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៃព្រះរាជាណាចក្រកម្ពុជាបានក្តៅស្លឹកត្រចៀក និងប្រតិកម្មខ្លាំងៗ​ទៅនឹងសម្តីរបស់មេយោធភូមិភាគ២របស់ថៃ ដែលស្នើកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបី ដូចសម្តីរបស់អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៉ីត កាលពីឆ្នាំ២០១១ ហើយថា «កម្ពុជាមិនអាចដកកងទ័ព ចេញពីទឹកដីរបស់ខ្លួនជាដាច់ខាត» ។

ក្រៅពីថ្លែងអំពីយន្តការនានា ក្នុងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ សម្តេចបានរំលឹកសម្តីរបស់លោក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការភូមិភាគទី២ របស់ថៃ ដែលស្នើឱ្យកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបី សម្តេចតេជោបានបញ្ជាក់ថា សម្តីនេះដូចគ្នាទៅនឹងសម្តីរបស់អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) ដែលធ្លាប់ស្នើឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) ដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ កាលពីឆ្នាំ២០១១ នៅពេលនោះសម្តេចបញ្ជាក់ទៅវិញថា «កម្ពុជាមិនអាចដកទ័ព ចេញពីទឹកដីរបស់ខ្លួនទេ ផ្ទុយទៅវិញ ថៃទេ ដែលត្រូវដកកងទ័ពឈ្លានពានចេញពីកម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «វាមិនដែលនៅលើពិភពលោក គេទាមទារឱ្យដកកងទ័ពចេញពីទឹកដីរបស់ខ្លួន ហើយរឿងមុំបី កន្លែងសាលារួមចិត្តនេះ ជាសាលារបស់យើង ដែលខ្ញុំធ្លាប់ទៅមើលតាមលានដ្ឋាន មិនមែនព្រំដែនត្រឹមតែប៉ុណ្ណឹងទេ ខ្ញុំទៅដល់ហួសទៅលើថែមទៀត ហេតុអីបានជាមកដល់ពេលមកនេះ វាទៅជាទាមទារឱ្យយើងដក [ដកទ័ព] នេះមិនមែនជាការបំផុសកំហឹងទេ តែរឿងអធិបតេយ្យជាតិ ហើយពេលនេះយើងនឹងដឹងច្បាស់ថា អ្នកណាស្នេហាជាតិ អ្នកណាស្រឡាញ់ជាតិពិតប្រាកដ»។

សូមជម្រាបផងដែរថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា អង្គសមាជទាំងមូល ដែលមានសមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភាចំនួនសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ គាំទ្រចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ (ICJ)។ ហើយចំណាតការរបស់រាជរដ្ឋាភិបាលនេះ ត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេស និងគ្រប់ទិសទីសម្តែងការគាំទ្រយ៉ាងគគ្រឹកគគ្រេង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២