មនុស្ស៥នាក់ត្រូវបានស.ម្លា.ប់ និង៩នាក់ផ្សេងទៀតរងរបួ..សក្នុងការវា.យប្រ.ហារ ដោយយន្តហោះគ្មានមនុស្សបើករបស់រុស្សីពេញមួយយប់ ទៅលើតំបន់ Chernihiv របស់អ៊ុយក្រែន

សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីលើទីក្រុង Pryluky ភាគខាងជើងនៃប្រទេសអ៊ុយក្រែនពេញមួយយប់ថ្ងៃទី 5 ខែមិថុនាយប់ម៉ិញនេះ បានសម្លាប់ជនស៊ីវិលចំនួន 5 នាក់រួមទាំងកុមារអាយុ 1 ឆ្នាំ និង 9 នាក់ផ្សេងទៀតរងរបួស។ ការ​វាយ​ប្រហារ​របស់រុស្សីនេះសំដៅលើលំនៅដ្ឋានប្រជាពលរដ្ឋបាន​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បាន​ធ្វើ​ឱ្យ​ផ្ទះ​ជា​ច្រើន​ខ្នង​រង​ការ​ខូច​ខាត។

អភិបាលតំបន់ Chernihiv លោក Viacheslav Chaus បាននិយាយថា យ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើក Shahed-136 ដែលរចនាដោយអ៊ីរ៉ង់ចំនួន៦គ្រឿងត្រូវបានប្រើក្នុងការវាយលុក។

ក្រុមសង្គ្រោះបន្ទាន់បានធ្វើការពេញមួយយប់ដើម្បីពន្លត់ភ្លើង។ សេវាសង្គ្រោះបន្ទាន់របស់រដ្ឋបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្សីបានបំផ្លាញទាំងស្រុងនូវអគារលំនៅដ្ឋានចំនួនពីរ យានដ្ឋានចំនួនពីរ អគារកសិដ្ឋានមួយ និងរថយន្តមួយគ្រឿង។ លោក Chaus បានបន្ថែមថា មនុស្ស 6 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកំពុងទទួលការថែទាំបន្ទាន់។

ទីក្រុង Pryluky ដែលទទួលរងការវាយប្រហារនេះ មានទីតាំងស្ថិតនៅ Chernihiv Oblast នៅភាគខាងជើងអ៊ុយក្រែន ក្បែរព្រំដែនជាមួយរុស្ស៊ី និងបេឡារុស្ស។ ការវាយប្រហារដ៏សាហាវនេះគឺជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចដោយរុស្ស៊ី ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទូទាំងប្រទេសអ៊ុយក្រែន។ តំបន់ភាគខាងជើងនៃប្រទេសអ៊ុយក្រែន រួមទាំងតំបន់ Chernihiv ត្រូវបានគេកំណត់គោលដៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលកងកម្លាំងរុស្ស៊ីបង្កើនយុទ្ធនាការផ្លូវអាកាសរបស់ពួកគេ បើទោះបីជាមានការអំពាវនាវជាអន្តរជាតិឱ្យមានបទឈប់បាញ់ក៏ដោយ។នេះបើយោងតាម The Kyiv Independent ៕

      

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២