បើកម៉ូតូលឿនពេកជ្រុលទៅបុ.ករថយន្តដឹកទឹកកកពីក្រោយពេញទំហឹងបណ្តាលឱ្យស្លា..ប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុករថយន្តពីក្រោយ​។ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង៤ និង២០នាទីទាបភ្លឺថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់​ឈ្មោះ​ ស្រាល​  ជាងអ៊ី  អាយុ៣២ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុក​ត្បូង​ឃ្មុំ  ខេត្ត​ត្បូង​ឃ្មុំ​  ។ ​ចំណែក​ម្នាក់​ទៀត​​ មិន​ស្គាល់​អត្តសញ្ញាណ​ (រងរបួស​ធ្ងន់​)​បញ្ជូនទៅ​មន្ទីរពេទ្យ​ ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តដឹកទឹកក​ក ម៉ាកគា ពណ៌​ខៀវ​​ ពាក់ផ្លាកលេខ​ ភ្នំពេញ​2O-1274 ធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅ(វេងស្រេង)ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បើកអែបខាងដើម្បីដាក់ទឹកកកឲ្យម៉ូយ ភ្លាមនោះស្រាប់តែមានម៉ូតូហុងដាស្កូបពី​ ពណ៌​ស ពាក់ផ្លាកលេខ​ ​ ត្បូង​ឃ្មុំ​1N- 0871  ជិះដោយបុរស២នាក់ធ្វើដំណើរមកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។

បន្ទាប់ពីកើតហេតុជនរងគ្រោះដែលរងរបួសត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​។ ចំណែករថយន្តនឹងម៉ូតូសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២