ឯកឧត្តម វ៉ាត់ ចំរើន៖ ជោគជ័យកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ គឺទទួលបានជោគជ័យលើសការរំពឹងទុក

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនូវភាពជោគជ័យ ដ៏ត្រចះត្រចង់ សម្រាប់ការប្រកួត កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោយពីដំណើរការប្រកួតអស់រយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃទី ៦-១៤ ខែ មិថុនាកន្លងទៅ ខណៈជោគជ័យដ៏ធំជាងគេ គឺការចូលរួមលើសការរំពឹងទុករបស់កីឡាករ-កីឡាការិនី មកពីតាមមន្ទីរទាំង ២៥រាជធានី-ខេត្ត។

រដ្ឋលេខាធិការ ក្រសួងអប់រំដដែលបានបន្ដទៀតថា សមិទ្ធផលនេះ ផ្ដើមចេញពីការដាក់ចេញនូវគោលការណ៍ដ៏សំខាន់របស់ រាជរដ្ឋាភិបាល ស្ដីអំពីមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍមូលដ្ឋានមនុស្ស ពិសេសគឺ ក្រសួងអប់រំ យុវជន និងកីឡា តាមការចង្អុលបង្ហាញ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែរំឮក ដាស់តឿនឲ្យមន្ដ្រី និងថ្នាក់ដឹកនាំកីឡា របស់ ក្រសួង ខិតខំប្រឹងប្រែងជំរុញសកម្មភាពអប់រំកាយ និងកីឡា ដែលជាបញ្ហាគន្លឹះមួយសម្រាប់ថែរក្សាសុខភាពសិក្សារបស់ សិស្សានុសិស្ស។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា « អ៊ីចឹង សិស្សានុសិស្សទាំងអស់ កាលណាគាត់មានការចូលរួមកាន់តែច្រើនឡើង នៅក្នុង សកម្មភាពកីឡា បានន័យថា ការកើនឡើង នៃ បញ្ញាស្មារតី និងការសិក្សារបស់គាត់ ក៏កាន់តែល្អទៅថ្ងៃអនាគតដែរ ។ ការសិក្សាមិនអាចខ្វះបាននូវសមាសធាតុ នៃ អប់រំកាយ និងកីឡាបានទេ ព្រោះវាបានផ្សាភ្ជាប់គ្នារវាង សុខភាព និងដំណើរជីវិត នៃការសិក្សាររបស់គាត់ »។

 

ឯកឧត្តម បានថ្លែងក្រោយពិធីបិទការប្រកួតខាងលើ « ឆ្នាំនេះ អ្វីដែលយើងទទួលបានជោគជ័យដ៏ធំធេងនោះ គឺការចូលរួម របស់ មន្ទីរ រាជធានី-ខេត្ត ទាំង ២៥ ដែលមានទាំងសាលាចូលរួម គឺមានកំណើនកើនឡើងលើសពីការរំពឹងទុក ។ អ្វីដែលជាកំណើនរហូតដល់ជាង ៣ ពាន់នាក់នេះ អាចវាយតម្លៃបានថា សកម្មភាព អប់រំកាយ និង កីឡា ពិសេសកីឡាសម្រាប់តម្រង់ទិសទៅរកជំនាញ បានប្រព្រឹត្តទៅដោយសកម្មជាងមុន ហើយការយល់ដឹងរបស់ សិស្សានុសិស្ស អំពីសុខភាព ដែលបានមកពីការលេងកីឡា បានជ្រូតជ្រាបទៅដល់សិស្សានុសិស្ស ទាំងប្រុស-ស្រី ហើយគ្រូអប់រំកាយ និងកីឡា និងនាយកសាលាទាំងអស់ ក៏បានយកចិត្តទុកដាក់ ធ្វើឲ្យសកម្មភាពអប់រំកាយ និងកីឡា នៅតាមសាលាមានភាពសកម្មជាងមុនផងដែរ»។

« កំណើនឆ្នាំនេះ គឺជាសញ្ញាណដ៏ល្អមួយ សម្រាប់ឆ្នាំក្រោយៗទៀត គឺការចូលរួមកាន់តែល្អប្រសើរជាងនេះ ។ មួយវិញទៀត ទាក់ទងការប្រកួតប្រជែងផ្នែកជំនាញកីឡាឆ្នាំនេះ ក៏ឃើញថា មានបច្ចេកទេស គុណផលកីឡា កើនឡើងច្រើន ពិសេសកីឡាជាក្រុម ខណៈកីឡាការិនី ក៏មានការចូលរួមច្រើនជាងឆ្នាំមុន ហើយមាន កីឡាការិនីល្អៗច្រើនណាស់ នៅក្នុងកីឡាជាក្រុម ដូចជា បាល់បោះ ជាដើម ។ យើងសង្ឃឹមថា ការដាក់ចេញនូវគោលការណ៍ និងគោលនយោបាយរបស់ ក្រសួង និងទទួលបានជោគជ័យ ទៅថ្ងៃអនាគតបន្ដទៀត នៅក្នុងកម្មវិធីអប់រំកាយ និងកីឡា នៅក្នុងសាលា ដែល ក្រសួង កំពុងតែពង្រឹងក្នុងការងារនេះ »។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២