អ៊ីរ៉ង់ព្រមានអ៊ីស្រាអែលឱ្យចាកចេញពីប្រទេសដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព បើពុំដូច្នោះទេអាចប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ បានអំពាវនាវកាលពីថ្ងៃអាទិត្យឱ្យជនជាតិអ៊ីស្រាអែលឱ្យចាកចេញពីប្រទេសរបស់ពួកគេ ដោយព្រមានថា ខ្លួននឹងបើកការវាយប្រហារកាន់តែខ្លាំង និងធ្ងន់ធ្ងរបន្ថែមទៀត។លោក Reza Sayyad អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធបាននិយាយបន្ទាប់ពីរលកថ្មីនៃការវាយប្រហាររបស់អ៊ីរ៉ង់បានចាប់ផ្តើមប្រឆាំងនឹងអ៊ីស្រាអែល។

លោក​បាន​ព្រមាន​ថា «​ការ​ជ្រកកោន​នៅ​ក្រោម​ដី​នឹង​មិន​នាំ​មក​នូវ​សុវត្ថិភាព​ដល់​ប្រជាជន​អ៊ីស្រាអែល​ឡើយ»។ លោក Sayyad បាននិយាយថា “ដូច្នេះ យើងសូមបញ្ជាក់៖ កុំឲ្យរបបឧក្រិដ្ឋជនប្រើអ្នកជាខែលការពារ”។ ដោយឡែកលោក Mohsen Rezaei មេបញ្ជាការជាន់ខ្ពស់ IRGC ដែលជាសមាជិកនៃក្រុមប្រឹក្សា Expediency របស់អ៊ីរ៉ង់ បាននិយាយថា “យើងអាចឈានដល់ចំណុចមួយ ដែលយើងចាត់វិធានការសំខាន់ៗ ដែលនឹងធ្វើឱ្យតំបន់ទាំងមូលមានអស្ថិរភាព”។ លោក Rezaei បាននិយាយថា “មនុស្សដែលមានប្រាជ្ញានៅសហរដ្ឋអាមេរិក និងអឺរ៉ុបត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីទាញប្រទេសរបស់ពួកគេចេញពីសង្រ្គាមនេះ បើមិនដូច្នេះទេ យើងមិនអាចឈរមើលការពាក់ព័ន្ធរបស់ពួកគេដោយមិនឆ្លើយតបនោះឡើយ”។

អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ទីតាំង​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់ រួម​ទាំង​ទីតាំង​យោធា និង​នុយក្លេអ៊ែរ​ផង​ដែរ កាល​ពី​ថ្ងៃ​សុក្រ ដោយ​ជំរុញ​ឱ្យ​ក្រុង​តេហេរ៉ង់​បើក​ការ​វាយ​ប្រហារ​សងសឹកវិញភ្លាមៗ។ ការ​វាយ​ប្រហារ​ និង​ការ​វាយ​បក​បាន​បន្ត​ចាប់​តាំង​ពី​ពេល​នោះ​មក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ភាគីទាំងពីរអាចសម្រេចបានសន្តិភាព ហើយថាកិច្ចប្រជុំ និងការអំពាវនាវនេះកំពុងដំណើរការ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២