អ៊ីស្រាអែលហាក់ដូចជាកំពុងពង្រីកយុទ្ធនាការផ្លូវអាកាសរបស់ខ្លួនលើទីក្រុង Tehran របស់ប្រទេសអ៊ីរ៉ងរយៈពេល៥ថ្ងៃមកហើយ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនលើកម្មវិធីយោធា និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាមេរិក Donald Trump បានបង្ហោះសារព្រមានដ៏អាក្រក់មួយ ដល់អ្នករស់នៅក្នុងទីក្រុងឱ្យជម្លៀសចេញ។

លោក Trump បានសរសេរកាលពីយប់ថ្ងៃច័ន្ទថា “អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអែរបានទេ” មុនពេលលោកត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនពីកិច្ចប្រជុំកំពូលក្រុមG7 នៅប្រទេសកាណាដាវិញ។
អ៊ីស្រាអែលនិយាយថា ខ្លួនមាន “ឧត្តមភាពលើអាកាស” លើទីក្រុងតេអេរ៉ង់ អ្នកនាំពាក្យយោធាអ៊ីស្រាអែល ឧត្តមសេនីយ Effie Defrin បាននិយាយកាលពីថ្ងៃច័ន្ទថា កងកម្លាំងរបស់ប្រទេសគាត់បាន “សម្រេចបាននូវឧត្តមភាពពេញលេញលើផ្ទៃមេឃរបស់ទីក្រុង Tehran” ដោយពួកគេបានបំផ្លាញកាំជ្រួចមីស៊ីលជាង 120 ដើមនៅភាគកណ្តាលប្រទេសអ៊ីរ៉ង់ ដែលមួយភាគបីនៃចំនួនសរុបរបស់ប្រទេសអ៊ីរ៉ង់ រួមទាំងកាំជ្រួចជាច្រើន មុនពេលដែលពួកគេបានបាញ់មីស៊ីលផ្លោងឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលវិ្។

យោធាអ៊ីស្រាអ៊ែលបាននិយាយថា ពួកគេក៏បានបំផ្លាញយន្តហោះចម្បាំង F-14 ចំនួនពីរគ្រឿង ដែលអ៊ីរ៉ង់ប្រើសំដៅលើយន្តហោះអ៊ីស្រាអែល។ហើយយន្តហោះចម្បាំងបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការចំនួន 10 ក្នុងទីក្រុង Tehran ដែលជាកម្មសិទ្ធិរបស់កងកម្លាំង Quds របស់អ៊ីរ៉ង់ ដែលជាអាវុធវរជននៃកងឆ្មាំបដិវត្តន៍ និងចារកម្មនៅខាងក្រៅប្រទេសអ៊ីរ៉ង់។

នៅមុននេះ យោធាអ៊ីស្រាអែលបានអំពាវនាវឱ្យប្រជាជនប្រហែល 330,000 នាក់នៃសង្កាត់មួយនៅកណ្តាលទីក្រុងឱ្យជម្លៀសចេញ។ Tehran គឺជាទីក្រុងធំជាងគេមួយនៅមជ្ឈិមបូព៌ា ដែលមានប្រជាជនប្រហែល 10 លាននាក់ ប្រហែលស្មើនឹងចំនួនប្រជាជនអ៊ីស្រាអែលទាំងមូល។ ប្រជាជនបានរត់ភៀសខ្លួនចាប់តាំងពីមានអរិភាពកើតឡើង។

អ៊ីស្រាអែលនិយាយថា ការវាយប្រហារដ៏ខ្លាំងក្លារបស់ខ្លួនទៅលើមេដឹកនាំយោធាកំពូលៗរបស់អ៊ីរ៉ង់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងកម្មវិធីមីស៊ីលផ្លោង គឺចាំបាច់ដើម្បីកុំឱ្យសត្រូវដ៏យូរអង្វែងរបស់ខ្លួនផលិតអាវុធនុយក្លេអ៊ែរ។ ការវាយប្រហារបានសម្លាប់មនុស្សយ៉ាងតិចចំនួន២២៤នាក់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុននោះមក។

អ៊ីរ៉ង់បានសងសឹកដោយបាញ់មីស៊ីលជាង៣៧០គ្រាប់ និងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងទៅលើអ៊ីស្រាអែល។ រហូតមកដល់ពេលនេះ មនុស្ស២៤នាក់ត្រូវបានសម្លាប់នៅអ៊ីស្រាអែល និងជាង ៥០០នាក់ទៀតរងរបួស។ យោធាអ៊ីស្រាអែលបាននិយាយថា កាំជ្រួចមីស៊ីលថ្មីត្រូវបានបាញ់នៅថ្ងៃអង្គារនេះ ហើយការផ្ទុះអាចត្រូវបានគេឮនៅភាគខាងជើងប្រទេសអ៊ីស្រាអែល៕



ប្រភព៖ AP
ប្រែសម្រួលដោយ៖ វាសនា